ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនជ្រុលបុករថយន្តlexus RX 300 បត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១០ យប់ថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២១ នៅចំណុចមុខច្រកចូលផ្សារទំនើប រតនៈផ្លាហ្សា តាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្ត lexus RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2J-8823 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងចេញពី ច្រកចូលផ្សារទំនើប រតនៈផ្លាហ្សា ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៧ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IJ-5553 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវណតប្រ៊ីតទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ចាប់ហ្វ្រ័ងមិនទាន់បុកពីចំហៀងរថយន្តពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្តរងរបួសបែកក្បាលហូរឈាមតិចតួច និងស្ត្រីរួមដំណើររងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ