ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់ដង្ហែក្បួនបាតុកម្ម បង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន

ចែករំលែក៖

នៅថ្ងៃទី១៨ខែឧសភា ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់បានដង្ហែក្បួនបាតុកម្មនៅទូទាំងប្រទេសដើម្បីបង្ហាញពីការគាំទ្រ សាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន ប្រឆាំងការវាយប្រហារពីប្រទេសអុីស្រាអែល។
លោក Iqbal ប្រធានសហជីពកម្មករឥណ្ឌូនេស៊ីបានឱ្យដឹងថា សកម្មភាពធ្វើបាតុកម្មនៅ២៤ខេត្តក្រុង នៅទូទាំងប្រទេសឥណ្ឌូនេស៊ី និងនៅមុខការិយាល័យអង្គការសហប្រជាជាតិ នៅមុខស្ថានទូតអាមេរិក ក្នុងរដ្ឋធានីហ្សាការតា ប្រឆាំងសកម្មភាពវាយប្រហាររបស់អុីស្រាអែល សម្លាប់ពលរដ្ឋស្លូតត្រង់ប៉ាឡេស្ទីនជាច្រើន។
ក្រុមបាតុករឥណ្ឌូនេស៊ី កាន់ស្លាកបដាសរសេរថា «ប៉ាឡេស្ទីនត្រូវទទួលបានឯករាជ្យ»។ សហព័ន្ធ កម្មករឥណ្ឌូនេស៊ី បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់អុីស្រាអែល ដែលបានវាយប្រហារតំបន់ហ្គាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីនជាច្រើន។ តាមការលើកឡើងរបស់លោក Iqbal បាតុកម្មធ្វើឡើងដោយសន្តិវិធី គោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
បាតុកម្មបានកើតឡើងនៅខេត្តក្រុងជាច្រើន ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយឡែក ក្នុងរដ្ឋធានីហ្សាការតា មានសន្តិសុខដល់ទៅជាង១១០០នាក់ការពារនៅទីតាំង ស្ថានទូតអាមេរិក និងការិយាល័យអង្គការសហប្រជាជាតិ។ តាមការលើកឡើងរបស់មន្ត្រីឥណ្ឌូនេស៊ី ក្រៅពីក្រុមកម្មករនិងពលរដ្ឋ នៅមានក្រុមនិស្សិតអ៊ិស្លាមឥណ្ឌូនេស៊ីក៏បានចូលរួមធ្វើបាតុកម្មផងដែរ៕

ដោយ៖ធីរីណា(រូបភាព៖ TTXVN)


ចែករំលែក៖