ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន

ចែករំលែក៖

វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី១៨ខែឧសភា បានប្រកាសថា ប្រធានាធិបតី មូន ជេអុីន នឹងបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃទៅកាន់អាមេរិក ដើម្បីជួបពិភាក្សាទៅលើបញ្ហាសំខាន់ៗ ក្នុងនោះមាន ទំនាក់ទំនងទ្វេភាគី និងបញ្ហាឧបទ្វីបកូរ៉េ។
លោក Chung Man ho អគ្គលេខាធិការវិមានប្រធានាធិបតី កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការទំនាក់ទំនងសាធារណៈបានឱ្យដឹងថា ជំនួបពិភាក្សាទ្វេភាគីនៅសេតវិមាន នាថ្ងៃទី២១ខែឧសភា (ពេលវេលានៅអាមេរិក) ក្រោយមកមេដឹកនាំប្រទេសទាំងពីរ នឹងធ្វើសន្និសីទកាសែតរួម។
តាមគម្រោងមេដឹកនាំប្រទេសទាំងពីរ នឹងពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ នឹងបង្កើនសន្តិភាព នៅឧបទ្វីបកូរ៉េ ព្រមទាំងពិភាក្សាស្តីពីការឆ្លងកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុ។ ក្រៅពីនេះអាមេរិកអាចនឹងពិភាក្សា ស្តីពីទំនាក់ទំនង ចតុភាគី ដែលមាន អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី។
តាមគម្រោងប្រធានាធិបតី មូន ជេអុីន នឹងចាកចេញពីកូរ៉េខាងត្បូង ទៅកាន់អាមេរិក នៅថ្ងៃទី១៩ ខែឧសភា ហើយដំណើរទស្សនកិច្ចជាផ្លូវការចាប់ផ្តើមនៅថ្ងៃទី ២០ខែឧសភា ហើយនៅថ្ងៃទី២០ខែឧសភាប្រធានាធិបតីកូរ៉េខាងត្បូង នឹងជួបពិភាក្សាជាមួយប្រធានរដ្ឋសភា លោកស្រី Nancy Pelosi និងមន្ត្រីជាន់ខ្ពស់ជាច្រើននៅថ្ងៃទី ២០ខែឧសភា ។ នៅថ្ងៃទី ២១ខែឧសភា នឹងជួបពិភាក្សាជាមួយអនុប្រធានាធិបតីលោកស្រី Kamala Harris ៕ដោយ៖ ធីរីណា

រូបភាព៖ KT


ចែករំលែក៖