ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រីនប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ។ ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា, ក្នុងនាមប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ខ្ញុំបានជួបពិភាក្សាការងារជាមួយ លោក ឡេ ហាយជុង (Le Hoai Trung) ប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ សំដៅរួមចំណែកពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពនិងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស និងប្រជាជននៃប្រទេសទាំងពីរដែលមានស្រាប់ ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

លោកថ្លែងបន្តថា,ក្នុងឱកាសនោះ ខ្ញុំបានអបអរសាទរចំពោះឯកឧត្តម ឡេ ហាយជុង ដែលត្រូវបានថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តវៀតណាមតែងតាំង ជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលពិតជាបានឆ្លុះបញ្ចាំងនូវជំនឿជឿជាក់និងទំនុកចិត្តពីសំណាក់បក្សកុម្មុយនីស្ត វៀតណាម មកលើបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសព្ធរបស់លោកក្នុងកិច្ចការបក្ស និងរដ្ឋា ភិបាល ព្រមទាំងបានសំដែងសារជាថ្មីនូវអំណរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហា សន្និបាតលើកទី១៣ របស់បក្សកុំម្មុយនីសវៀតណាម។

ខ្ញុំបានអបអរសាទរចំពោះវៀតណាមដែលបានគ្រប់គ្រងដោយជោគជ័យ ជំងឺរាតត្បាត Covid19 ហើយ ដែលសម្រេចបានកំណើតសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២០ ក្នុងខណៈដែលពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងឱនភាពខ្លាំង។ ខ្ញុំក៏បានអបអរសាទរចំពោះវៀតណាមដែលបានបំពេញតួនាទី និងអាណត្តិរបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន និងក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖