ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តរតនគិរីបដិសេធព័ត៌មានផ្សាយថាបិទផ្សារបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ រដ្ឋបាល​ខេត្ត​រតនគិរី​ នៅ​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា បាន​ធ្វើ​ការ​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា​រដ្ឋបាលខេត្ត​បាន​បិទ​ផ្សារ​បានលុង​កាល​ពី​យប់​ថ្ងៃ​ទី​១៦​ ខែ​ឧសភា។

ការ​បដិសេធ​បែប​នេះ​ កើត​មាន​ឡើង​បន្ទាប់​ពី​គណនី​ហ្វេសប៊ុក ឈ្មោះ ថៅ ឈាងហ៊ បាន​បង្ហោះ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ថា​ “បិទផ្សារបានលុងហើយយប់ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០២១”។

រដ្ឋបាលខេត្តរតនគិរី​បញ្ជាក់​ថា មិន​មាន​ករណី​បិទ​ផ្សារ​បាន​លុង​ ដូច​ការ​លើក​ឡើង​នោះ​ឡើយ ដោយ​បញ្ជាក់​ថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩៖០០ នាទីយប់នៅ​ក្នុងផ្សារ​បាន​លុងក្រុម​ការ​ងារ​ឆ្លើយ​តប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋ​បាល​ខេត្ត​រតនគិរី បាន​ចុះ​យក​សំណាក​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស លើ​អ្នក​ពាក់​ព័ន្ធ​និង​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ឈ្មោះ នាង ម៉ាត់ ភេទប្រុស ជន​ជាតិ​ខ្មែរ បន្ទាប់​ពីបាន​ទទួល​ព័ត៌មាន​ថា បុរស​វិជ្ជាមាន​រូប​នេះ​ធ្លាប់​បាន​ទិញ​អីវ៉ាន់ តាម​រយៈ​ម៉ូតូ​ដឹក​និង​លក់​ទំនិញ​ទៅ​តាម​ម៉ូតូ​​នាពេល​កន្លងមក។​

ដោយសារ​អ្នករ​កស៉ី​ដឹក​និង​លក់​អីវ៉ាន់​តាម​ភូមិ​មាន​ច្រើន ដូច្នេះ​ដើម្បី​បង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​កូវីដ-១៩ ចាំ​បាច់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល ដោយ​អញ្ជើញ​អ្នក​រក​ទទួល​ទាន​លក់​បន្លែ និង​អ្នក​ដឹក និង​អ្នក​លក់​តាមម៉ូតូទាំងអស់ចំនួន៣០១នាក់ នៅផ្សារបានលុង មកធ្វើតេស្តរហ័ស ជាលទ្ធផល គឺអវិជ្ជមានទាំងអស់។

អាជ្ញាធរស្នើឲ្យម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​ខាង​លើ​នេះ​ កែ​តម្រូវ​ឡើង​វិញ​ និង​សូម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធស្រាវជ្រាវរកអ្នកផ្តល់ព័ត៌មានបំផ្លើសការពិតនេះ ដើម្បី​អនុវត្ត​តាម​នីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖