សារព័ត៌មាន Bloomberg បានផ្សាយថា គិតមកដល់ថ្ងៃទី១៨ខែឧសភា មានប្រទេសចំនួន១៧៦ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយពលរដ្ឋដែលបានចាក់វ៉ាក់សាំងមានដល់ទៅ ១,៤៨ពាន់លាននាក់ហើយ។
ប្រទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ច្រើនជាងគេគឺប្រទេសចិន ។គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ៤២២លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃចន្ទម្សិលមិញ។ ក្នុងរយៈពេលមួយថ្ងៃ ចិនចាក់វ៉ាក់សាំងជូនពលរដ្ឋបានដល់ទៅ ២២លានដូស ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនដែលខ្លួនគិតថា ងាយប្រឈមបំផុត។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន។
ចំណែកអាមេរិក ឈរលំដាប់ទីពីរដោយបានចាក់ជូនពលរដ្ឋជាង២៧៤លានដូស។ ប្រទេសតំបន់អឺរ៉ុបចាក់ជូនពលរដ្ឋបានជាង១៩៩លានដូស ។ ឥណ្ឌាចាក់ជូនពលរដ្ឋបាន ១៨៤លានដូស ។ ក្រៅពីនេះមាន ប្រស៊ីលជាង ៥៨ លានដូស អង់គ្លេសជាង ៥៦លានដូស អាល្លឺម៉ង់ជាង ៤០លានដូស អុីតាលីជាង ២៧លានដូស…និងប្រទេសជាច្រើនទៀតបានចាក់វ៉ាក់សាំង សរុបមាន ១៧៦ប្រទេសហើយមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ មានចំនួនតិចច្រើនតាមប្រទេសនិមួយៗ៕ដោយ៖ ធីរីណា