ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ស្ពាន លូ តាមបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ៦គីឡូ នឹង ៣០ម៉ែត្រ ទទឹង ៥ម៉ែត្រ លូមូលចំនួន ១៦កន្លែង លូប្រអប់ចំនួន ២កន្លែង នឹងស្ពានធំៗចំនួន២កន្លែង (ទី១ ស្ពានអូរត្រែលប្រវែង ៩០ម៉ែត្រ និងទី២ ស្ពានកាំងតេជោប្រវែង ៣០ម៉ែត្រ) ក្រោមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីត្រើយម្ខាងនៃស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ តាមបណ្តោយទន្លេមេគង្គ ស្ថិតនៅចំណុច ភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅកាន់ ទីរួមស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ទន្ទឹមនោះលោក អភិបាលខេត្ត និងមន្រ្តីអមដំណើរបានបន្តចុះពិនិត្យផ្លូវលំដីសចំនួន ១ខ្សែ ទៀតប្រវែង ៣.៤០០ម៉ែត្រ នឹងលូចំនួន ០៤កន្លែង ស្ថិតនៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ដើមឡើយផ្លូវតភ្ជាប់ពីទីរួមស្រុកថាឡាបរិវ៉ាត់ មកកាន់ភូមិវាលខ្សាច់ នេះមានភាពលំបាកក្នុងធ្វើដំណើរឆ្លងកាត់នឹងដឹកជញ្ជូនកសិផល មកកាន់ទីរួមស្រុក ដោយប្រជាពលរដ្ឋ បានធ្វើដំណើរតាមផ្លូវ ដែលមានស្ថានភាពពិបាកខ្លាំង និងចំណាយពេលវេលាយូរក្នុងការធ្វើដំណើរ។

លោក ម៉ុម សារឿន បានមានប្រសាសន៍ថាផ្លូវទាំងពីរខ្សែនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ។

លោកបន្តថាឡើងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងពីរខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅមកសាលារៀននៅថ្ងៃខាងមុខ។

ក្នុងឱកាសនោះលោក អភិបាលខេត្ត បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវខិតខំប្រឹងប្រែងក្នុងការស្ថាបនាឲ្យបានលឿននិងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់បានយូអង្វែង៕

ដោយ ៖ សិលា


ចែករំលែក៖