ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះអនុវត្តបំរាមគោចរ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់

ចែករំលែក៖

    ភ្នំពេញ​ ៖​ នៅវេលាម៉ោង៨យប់ ថ្ងៃអង្គារ​ ទី១៨ ខែឧសភា ឆ្នាំ២០២១​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ  និងមានការចូលរួមសហការពីកងកម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ លោក ណុល សុធា មេបញ្ជាការរងអាវុធហត្ថខណ្ឌ រួមទាំងកម្លាំងសហការរបស់កងអន្តរាគមន៍ស្នងការរាជធានីភ្នំពេញជាច្រេីនទៀតបានអញ្ជើញចុះពិនិត្យគោលដៅបំរាមគោចរនៅត្រង់ចំណុចច្រមុះជ្រូក ក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និង អនុវត្តនូវសេចក្ដីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ–១៩ ។

    ក្នុងប្រតិបត្តិការ​ នៃការចុះអនុវត្តពង្រឹងសន្តិសុខ និងបំរាមគោចរ នេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ការដាក់ទីតាំងឃាត់អ្នកដំណើរក្នុងម៉ោង ហាមឃាត់ និងអនុវត្តន៍បំរាមគោចរ  គោលបំណងគឺដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺ កូវីដ–១៩ ។ 

    ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង បានទទូចស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវកាត់ចំណុចទីតាំងហាមឃាត់ គឺសូមយោគយល់ និងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន កុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ កូវីដ-១៩ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖