ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ទទួលជួបលោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ។

នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាត ឱ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបដើម្បី ពិភាក្សាការងារអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់។

លោក Patrick Murphy បានពាំនាំនូវសមានចិត្តសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ក្នុងគ្រាដ៏ លំបាកនៃជំងឺរាតត្បាតកូវីដ-១៩។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់អំពីជំនួយរបស់សហរដ្ឋអាមេរិកក្នុង ទឹកប្រាក់ ១១លានដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ព្រមទាំង ការប្ដេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ទឹកប្រាក់បួនពាន់លានដុល្លារអាមេរិកក្នុងក្របខណ្ឌវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។ ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណដ៏ជ្រាលជ្រៅចំពោះជំនួយរបស់សហរដ្ឋអាមេរិកទាំងក្របខណ្ឌទ្វេភាគីចំពោះកម្ពុជា និងក្របខណ្ឌ អន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) និងក្រសួងសុខាភិបាលកម្ពុជា នារយៈ ពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់រួម លើចំណុចវិជ្ជមាននៃកិច្ច សហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលនៅតែមានការកើន ខ្លាំងឡើងនៅឆ្នាំ ២០២០ បើទោះបីជាមានបញ្ហាកូវីដ-១៩ យ៉ាងណាក៏ដោយ។ ក្រៅពីនេះ ទោះបីជាមាន ការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក្ដី ភាគីទាំងពីរនៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តខិតខំដោះស្រាយរួមគ្នា និង មិនធ្វើឱ្យបញ្ហាទាំងនោះក្លាយជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនោះទេ។
លោកឧបនាយករដ្ឋមន្ត្រី បានជំរាបជូន លោកឯកអគ្គរដ្ឋទូត ថានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ មេសា ២០២១ នៅទីក្រុងហ្សាកាតា ពាក់ពន្ធ័និងបញ្ហាមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់លក្សដ៏ សំខាន់ក្នុងការដោះស្រាយជំលោះដោយបានសង្កត់ធ្ងន់ថា ដើម្បីរកដំណោះស្រាយបានលុះត្រាតែ ១) តម្រូវឲ្យឈប់មានការប្រើអំពើហឹង្សារ ២) គ្រប់ភាគីត្រូវជួបពិភាក្សាគ្នាដោយមានការជួយជ្រោមជ្រែងពី អាស៊ាន ហើយ ៣) អនុញាត្តិឲ្យការផ្ដល់ជំនួយមនុស្សធម៌អាចប្រព្រិត្តបាន។ ជារួម កម្ពុជាចង់ឃើញមីយ៉ាន់ម៉ វិលទៅរកស្ថានភាពប្រក្រតីឡើងវិញ (normalcy) ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា បទពិសោធន៍របស់ សម្តេចតេជោ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង គោលការណ៍ “ការឯកភាពគ្នាជាឯកឆន្ទបំ ចំណុច” ដែលជាលទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ានកន្លងទៅ។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ជាប្រធានប្តូរវេន អាស៊ាននៅឆ្នាំ ២០២២ និងបានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានបង្ហាញសមានចិត្តគាំទ្រជួយ ទ្រទ្រង់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានទទួលបានជោគជ័យនៅឆ្នាំក្រោយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖