ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់មានជម្ងឺវង្វេងស្មារតីច្រឡំផឹកថ្នាំបាញ់ស្មៅស្លាប់ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកបែកពពុះមាត់ខណៈមានជម្ងឺវង្វេងស្មារតីច្រឡំផឹកថ្នាំបាញ់ស្មៅបង្កការភ្ញាក់ផ្អើលនិងប្រញាប់ប្រញាលជួយសង្គ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងតែអកុសលហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាស្ត្រីខាងលើមានឈ្មោះឡុង សាវ៉ុន អាយុ ៥៣ ឆ្នាំមុខរបរកសិកររស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យរួចទើបសន្និដ្ឋានថាស្ត្រីខាងលើពិតជាស្លាប់ដោយផឹកថ្នាំបាញ់ស្មៅពិតប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាតកម្មនោះទេ។

តាមអ្នកភូមិបានប្រាប់ថាស្ត្រីឈ្មោះឡុង សាវ៉ុន គឺមានជំងឺប្រចាំកាយវង្វេងស្មារតីនឹងត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះឡើយស្រាប់តែនៅថ្ងៃកើតហេតុទើបមានការភ្ញាក់ផ្អើលថាបានផឹកថ្នាំបាញ់ស្មៅនិងរាយការណ៍មកសមត្ថកិច្ចនិងអាជ្ញារធរមូលដ្ឋានតែម្ដង។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖