ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជំនាញ​ ចុះបង្រ្កាប​អាល់កុលក្លែងក្លាយជាង ៥ពាន់លីត្រ បន្ទាប់ពីលក់តាម Online នៅសង្កាត់ព្រៃស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញ​នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប) នៅ​រសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត រកឃើញទីតាំងលក់អាល់កុល តាម Online ដែលជា​អាល់កុលក្លែងក្លាយមួយកន្លែង ស្ថិតនៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ មន្រ្តី​ជំនាញ​ បានសហការ​ជាមួយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយមានឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្រ្កាប​ភ្លាមៗ ព្រមទាំងបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តវិភាគនៅនឹងកន្លែង ដើម្បីដឹងលទ្ធផលភ្លាមៗ​។ ជាក់ស្ដែង​ជាលទ្ធផលមន្រ្តីជំនាញ​ រកឃើញអាល់កុលក្លែងក្លាយ ឬសារធាតុមេតាណុល បានចំនួន ១៨៣កាន ស្មើនឹងចំណុះ ៥៤៩០លីត្រ រួចបានធ្វេីកំណត់ហេតុរឹបអូស យកទៅរក្សាទុកជាវត្ថុតាងដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។

ចំពោះ​ការអនុវត្តតាមការណែនាំជាប្រចាំរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ពាក់ព័ន្ធនឹងការចរាចរអាល់កុលក្លែងក្លាយ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

គួរជម្រាបថា​ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) តាមរយៈរូបភាពការបញ្ជាទិញអាល់កុល ដែលដាក់លក់លើបណ្តាញសង្គម Facebook យកមកធ្វើតេស្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកឃើញសាធាតុមេតាណុល ដែលក្លែងបន្លំជាអាល់កុល និងឈានដល់ការចុះបង្ក្រាបតែម្ដង។

ដោយ​ឡែក​បើ​តាមប្រភពព័ត៍មានពី​មន្រ្តីអគ្គនាយកដ្ឋានក.ប.ប​ បានថ្លែង​ថា នៅក្នុងឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ “សហគមន៍២០កុម្ភៈ” អគ្គនាយកដ្ឋាន (ក.ប.ប) បានធ្វើការស្រាវជ្រាវរកឃើញ និងរឹបអូសបានជាបន្តបន្ទាប់នូវអាល់កុលក្លែងក្លាយ ចំនួន ៤០៦២៥លីត្រ​ ស្មើនឹងប្រមាណជាង ៤០តោន ពីតាមបណ្តារាជធានី ខេត្តមួយចំនួន។

បន្ថែមពីនេះ​ជាថ្មីម្តងទៀត អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុល បន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈមចំពោះច្បាប់ដល់ខ្លួនថែមទៀតផង៕ដោយ​៖សហការី​


ចែករំលែក៖