អន្តរជាតិ៖ បើតាមវិទ្យាស្ថានសេរឹមនៃប្រទេសឥណ្ឌា (Serum Institute of India ឬ SII) ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតលើលោក នៅថ្ងៃអង្គារទី១៨ ខែឧសភាម្សិលមិញនេះ បានប្រកាសថា៖ ចាប់ពីចុងឆ្នាំ២០២១នេះ ខ្លួននឹងចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំង ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ឡើងវិញ។
បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីវិទ្យាស្ថានសេរឹម បានបញ្ជាក់ថា កន្លងមកនេះ SII បានទទួលបន្ទុកផលិតវ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បានចំនួនរាប់រយលានដូសរួចទៅហើយ ខណៈប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍជាច្រើនបានពឹងផ្អែកជាចម្បង លើវ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីចាក់វ៉ាក់បង្ការ COVID-19 នៅក្នុងប្រទេសរៀងៗខ្លួន។
រដ្ឋាភិបាលឥណ្ឌា បានសម្រេចផ្អាកការផ្គត់ផ្គង់ វ៉ាក់សាំងបង្ការ COVID-19 ផលិតដោយ SII ទៅកាន់កម្មវិធី COVAX ជាបណ្តោះអាសន្ន ក្រោយប្រទេសនេះចាប់ផ្តើមរងការវាយលុក ដោយរលកទី ៣ នៃជំងឺ COVID-19 កាលពីចុងខែមីនា និងកាន់ធ្ងន់ធ្ងរបំផុតនៅអំឡុងខែមេសា និងដើមខែឧសភានេះ។ យ៉ាងណាក៏ដោយ ឥណ្ឌាបាននាំចេញវ៉ាក់សាំងជាង ២០០លានដូសរួចទៅហើយទៅកាន់អន្តរជាតិ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា គិតត្រឹមថ្ងៃទី១៧ ខែឧសភាថ្មីៗនេះ ទើបតែសម្រេចបានការចាក់វ៉ាក់សាំង ១៨៤លានដូសប៉ុណ្ណោះ ដោយក្នុងនោះប្រជាជនជាង ៤០លាននាក់បានចាក់គ្រប់ដូស ដែលស្មើនឹង ៣% នៃចំនួនប្រជាជនសរុប។ ខណៈប្រជាជនឥណ្ឌា ដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ បាននិងកំពុងបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ចំពោះមុខការរិះគន់អំពីភាពយឺតយ៉ាវផងដែរ៕ដោយ៖ស តារា
ប្រភព៖The New York Times