ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន បានបន្តនាំយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំនួន ៤៧៣គ្រួសារ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក លោកស្រីអភិបាល រងខណ្ឌ រួមនឹងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ប្រជាពលរដ្ឋ គ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ ។
ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចទាំងទ្វេរ ជូនបងប្អូនប្រជាពលរដ្ឋ យើងនៅទីនេះ និងបានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយ ជាគ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋស្មើៗគ្នា ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ ដោយការខ្វះខាតស្បៀងឡើយ ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តន៍ តាមការណែនាំរបស់ក្រសួង សុខាភិបាល ពិសេសសង្កត់ធ្ងន់លើខ្លឹមសារ ៣ការពារ ៣កុំ ដើម្បីទាំងអស់គ្នា ចៀសផុតពីជំងឺសាហាវកូវីដ-១៩ ដោយ រក្សាអនាម័យ លាងដៃអោយញឹកញាប់ រក្សាគម្លាត ចៀសវាងការប្រមូលផ្តុំនានា ។
លោក ថេង សុថុល ក៏បានលើកឡើងផងដែរ ទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន ដែលលោកអភិបាលនាំយកប្រសាសន៍សម្ដេចប្រមុខរាជរដ្ឋាភិបាល មកជម្រាបជូនបងប្អូន ដោយសូមឱ្យ បងប្អូនរងចាំ និងអត់ធ្មត់បន្តិចសិន ព្រោះថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺមានសម្រាប់ចាក់ជូនប្រជាពលរដ្ឋ យើងគ្រប់ៗគ្នា គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ ។
ជាមួយនឹងការផ្សព្វផ្សាយឱ្យការពារពីជំងឺឆ្លងកូវីដ-១៩ហើយនោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វេសប្រហែសឱ្យសោះ ។
បើតាមលោក សុន សិទ្ធី នាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូន ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ និងទឹកស៊ីអុីវ ១យួរ ៕
ដោយ៖ ជីណា