សារព័ត៌មានរ៉យទ័រ បានផ្សាយថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ទីក្រុងញូវយ៉កបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌទៅលើក្រុមហ៊ុនគ្រួសារលោកត្រាំ ។
អគ្គរដ្ឋអាជ្ញា Letitia James កំពុងតែស៊ើបអង្កេតថា តើក្រុមហ៊ុន Trump Organization ជាក្រុមហ៊ុនរបស់គ្រួសារលោកត្រាំ បានវាយតម្លៃខុសអំពីតម្លៃនៃទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីទទួលបានប្រាក់កម្ចីនិងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចនិងពន្ធដារ។
លោក Fabien Levy អ្នកនាំពាក្យ អគ្គរដ្ឋអាជ្ញាក្រុងញូវយ៉កបានឱ្យដឹងថា «យើងបានផ្តល់ព័ត៌មានដល់ក្រុមហ៊ុន Trump Organization ស្តីពីការស៊ើបអង្កេតទៅលើក្រុមហ៊ុននេះ»។
កន្លងមកការស៊ើបអង្កេតរបស់ លោក James ជាសមាជិកគណបក្សប្រជាធិបតេយ្យ ត្រូវបានលោកត្រាំចោទប្រកាន់ថា មានសកម្មភាពនយោបាយ។ លោក James បានស៊ើបអង្កេតទៅលើក្រុមហ៊ុនលោកត្រាំ ដែលបានផ្តល់តួលេខខុសប្រក្រតីដើម្បីទទួលបានការបន្ធូរពន្ធដារ ។
ការស្រាវជ្រាវលើកនេះ គឺផ្តោតទៅលើបទល្មើសរយៈពេលកន្លងមករបស់ក្រុមហ៊ុន Trump Organization ក្នុងនោះមានទាំងអាជីវកម្មរបស់ក្រុមហ៊ុន មុនពេលលោកត្រាំជាប់ឆ្នោតពីរឆ្នាំ។ ក្រុមហ៊ុនលោកត្រាំ ទទូលរងការចោទប្រកាន់ពីការគេចពន្ធ និងផ្តល់របាយការណ៍អាជីវកម្មខុសពីការណ៍ពិត៕
រូបភាព៖ CNN