ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា កុំជឿតាមការឃោសនារបស់ជនអគតិ

ចែករំលែក៖

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការឃោសនារបស់បុគ្គលអគតិកន្លងមកមានលើកឡើងមួយចំនួនថា  ការបិទខ្ទប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេសក្រុងតាខ្មៅ នៃខេត្តកណ្តាល  អ្នកខ្លះគេថាជាការដកសិទ្ធ  អ្នកខ្លះទៀតគេថាជាការដាក់ទណ្ឌ កម្មពួកគេ…ការលើកឡើងបែបនេះគឺជានយោបាយមនោគមន៍វិជ្ជា បំភ័ន្តការ ពិត  បំភ្លៃការពិត ….ការបិទខ្ទប់នេះមិនមែនដូចគេថាទេ  មិនមែនជាការដកសិទ្ធ  មិនមែនជាការដាក់ទណ្ឌកម្ម  ប៉ុន្តែជាការការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ 

       ខាងលើនេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស  កម្លាំងកងរាជអាវុធហត្ថខណ្ឌ  កម្លាំងនគរបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ កាលពីព្រឹកថ្ងៃទី១៩  ខែឧសភា  ឆ្នាំ២០២១  នៅសាលាខណ្ឌច្បារអំពៅ ។

      ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌ បានបន្តថា ការបិទខ្ទប់នេះជាការការពារ បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីក រាលដាល  ជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លងគ្រប់ប្រភេទ  ប្រសិនបើតំបន់នោះផ្ទុះហើយយើងមិនបិទខ្ទប់ទេ  អ្នកដែលនៅតំបន់នោះនឹងដើរប្រសេចប្រសាចទៅតំបន់ផ្សេងទៀត  តើវាឆ្លងប៉ុន្មាននាក់ទៀតទៅ..?  អញ្ចឹងការបិទខ្ទប់នេះគឺជារការពារនូវអាយុជីវិត  ជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លង  បើអ្នកណាមានវិជ្ជមានកូវីដ-១៩ ត្រូវយកទៅព្យាបាល  អ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានត្រូវយកសំណាកនិងដាក់អោយធ្វើចក្តាឡីស័ក   

     លោកអភិបាលបានបន្តទៀតថា  ធ្វើបែបនេះ គឺជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លង ជាពិសេសគឺជាការការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋរបស់យើង… គឺសមហេតុសមផលហើយវាជាតថភាពពិតនៅក្នុងពេលបច្ចុប្បន្ននេះ ដែលរាជរដ្ឋាភិបាលបានអនុវត្តវិធានការបិទខ្ទប់ទាន់ពេលវេលាហើយការពារបានអាយុជីវិតប្រជាពលរដ្ឋរបស់យើង… ដូច្នេះយើងត្រូវដឹងទាំងអស់គ្នា…មិនត្រឹមតែប៉ុណ្ណឹងទេ  បិទខ្ទប់ហើយ  ការពារអាយុជីវិតបងប្អូនហើយ  កាត់ផ្តាច់ប្រភពនៃជំងឺឆ្លងហើយ  រាជរដ្ឋាភិបាលបានត្រៀមសម្ភារជាគ្រឿង ឧបភោគ បរិភោគ ទុកចែកជូនបងប្អូននៅក្នុងតំបន់បិទខ្ទប់  បងប្អូនដែលមានជីវភាពខ្វះខាត នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋរបស់យើង ។

    ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌក៏បានចែកអំណោយដល់កងកម្លាំងទាំង៣ប្រភេទ ម្នាក់ៗ ទទួលបានអង្ករ២៥ គីឡូក្រាម មី១កេស និងឃីត១កញ្ចប់ ព្រម ទាំងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសកម្លាំងកងរាជអាវុហត្ថលើផ្ទៃប្រទេស ដែលបានប្រចាំការការពារតំបន់ក្រហម នៅចំណុចខាងជើងស្ពានព្រះមុនីវង្សចាស់ តំបន់យឿត្រី និង តំបន់លឿងទុំ មួយចំនួនទៀត  

   ក្នុងថ្ងៃនេះដែរលោកអភិបាលខណ្ឌក៏បានជួបសំណេះសំណាលជាមួយមន្ត្រីសាលាខណ្ឌគ្រប់ការិយាល័យ ព្រមទាំងបានឧបត្ថម្ភអង្ករ២៥គីឡូក្រាម មី១កេសនិងឃីត១កញ្ចប់ផងដែរ៕

ដោយ៖  សណ្តោស


ចែករំលែក៖