ខេត្តស្វាយរៀង៖ ផ្ទះប្រពលរដ្ឋ២៩ខ្នងនៅក្នុងស្រុករមាសហែកត្រូវដួលរលំនិងរបើកដំបូលរងការខូចខាតដោយសារតែមានភ្លៀងនិងខ្យល់កន្ត្រាក់បោកបក់ ប៉ុន្តែសំណាងដែរដែលមិនមានរងគ្រោះថ្នាក់ដល់មនុស្សនិងសត្វ។
ហេតុការណ៍ភ្លៀងនិងខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២១ស្ថិតក្នុងឃុំជ្រៃធំនិងឃុំក្រសាំង ស្រុករមាសហែក។
បើតាមអាជ្ញាធរស្រុករមាសហែកបានឱ្យដឹងថា កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១មានភ្លៀងនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្តាលឱ្យដួលរលំ និងរបើកដំបូលខូចខាតផ្ទះប្រជាពលរដ្ឋ សរុបចំនួន២៩ខ្នងមានដូចជាឃុំជ្រៃធំចំនួន១ខ្នង និងឃុំក្រសាំងចំនួន២៨ខ្នង។
ប្រភពបន្តថា ក្នុងនោះផ្ទះដែលខូចខាតទាំងស្រុងចំនួន១ខ្នង ខូចខាតមធ្យមចំនួន១៤ខ្នង និងខូចខាតស្រាលចំនួន១៤ខ្នង ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ។
អាជ្ញាធរស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុករមាសហែកទាំងអស់ពេលដែលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះសូមប្រញាប់ប្រញាល់រត់រកទីទួលសុវត្ថិភាពជាបន្ទាន់និងត្រូវបិទទូរស័ព្ទ ហើយនៅឱ្យឆ្ងាយពីដែកឬលោហៈផ្សេងៗដែលនៅជិត ពិសេសត្រូវរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកធ្វើអន្តរាគមន៍ពេលមានហេតុការណ៍កើតឡើង៕
ដោយ៖ យឹម សុថាន