ខេត្តប៉ៃលិន៖ ប្រជាកសិករដាំដំណាំនៅខេត្តប៉ៃលិន បេីទោះបីជាដំណាំកសិផលមួយចំនួនមានការធ្លាក់តម្លៃចុះទាប ដូចជាដំណាំស្វាយកែវរមៀតជាដើម។ ប៉ុន្តែចំពោះដំណាំកសិឧស្សាហកម្ម កៅស៊ូវិញ មានការហាក់ឡើងថ្លៃខ្ពស់បន្តិច ខណៈដែលកសិករទាំងនោះកំពុងតែនាំគ្នាប្រមូលផលជ័រកៅស៊ូយ៉ាងប្រញាប់ និងសប្បាយរីករាយ ថ្លឹងលក់ឲ្យឈ្មួញ ដោយអ្នកខ្លះដាំដំណាំនេះបានជាង១០ឆ្នាំមកហើយ។
សូុមជម្រាបថា តម្លៃទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ មានការឡើងចុះៗក៏ដោយ ពួកគាត់នៅតែបន្តខិតខំប្រឹងប្រែងថែទាំដើមកៅស៊ូ ដោយបោចស្មៅ ដាក់ជី មិនកាប់ដើមចោលទៅដាំដំណាំផ្សេងទៀតនោះទេ។ ពីព្រោះពួកគាត់គិតថា ការដាំរួចកាប់ចោលទៅដំណាំផ្សេងគឺខាតពេលវេលាអត់ប្រយោជន៍ ។
បើតាមកសិករម្នាក់ឈ្មោះ ហុន ណារៀប ភេទស្រី អាយុ៤២ឆ្នាំ បានលើកឡើងពីថា ៖ គាត់បានដាំដំណាំកសិឧស្សាហកម្មកៅស៊ូនេះ ជាង៣០០០ដើម នៅលើដីចំការ៦ហិកតា ដោយដាំបានរយ:ពេល១៤ឆ្នាំមកហើយក៏បានប្រមូលផលជៀរជ័រលក់បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
កសិកររូបនេះ បន្តថា ដំណាំមួយនេះមិនលំបាកដាំ និងថែទាំប៉ុន្មាននោះទេ ដោយគាត់ទិញពូជ (កូនកៅស៊ូ) មកពីខេត្តកំពង់ចាម មួយដើម ក្នុងតម្លៃ១ដុល្លារ ដោយក្រោយពីដាំ និងថែទាំអស់រយ:ពេល៧ឆ្នាំ ទើបអាចជៀរជ័រកៅស៊ូ លក់ឱ្យឈ្មួញ ដែលមកពីខេត្តកំពង់ចាមយកទៅលក់បន្តនៅប្រទេសវៀតណាម ។
បន្ថែមពីនេះ លោកស្រី ហុន ណារៀប បានបញ្ជាក់ទៀតថា គាត់ក៏បានជួលកម្មករឱ្យចូលធ្វើការងារក្នុងចំការគិតជាភាគរយ បន្ទាប់ពីលក់ជ័រកៅស៊ូរួចត្រូវចំណាយឱ្យកម្មករ៣៥% នៅសល់៦៥% គឺជាថវិកាសល់សម្រាប់ម្ចាស់ចំការ ។ កាលពីឆ្នាំមុន តម្លៃជ័រកៅស៊ូមានការធ្លាក់ចុះបន្តិច ដោយឈ្មួញទិញ១គីឡក្រាមតម្លៃត្រឹមតែ២៥០០ ទៅ២៧០០រៀល ដោយឡែកនៅឆ្នាំ២០២១នេះ ឈ្មួញទិញ១គីឡូក្រាមតម្លៃ៣០០០រៀល ។ បន្ទាប់ពីប្រមូលផលរួច នៅពេលនេះថ្លឹងបានជាង២តោន ហើយគាត់ក៏បន្តជួលកម្មករឱ្យដើរជៀរ ដើម្បីបង្កកលក់ឱ្យឈ្មួញជាបន្តបន្ទាប់ទៀតរហូតដល់ដើមកៅស៊ូមានស្លឹកពណ៌លឿងជ្រុះស្លឹកមួយៗទើបសម្រាក ពោល គឺក្នុង១រដូវគាត់ប្រមូលផលបាន៥ទៅ៦ដង ។
ដោយឡែកកសិករម្នាក់ទៀតគឺលោក ឡោ សុខប៊ន រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ថា៖ រូបគាត់បានដាំ ដំណាំកៅស៊ូចំនួន១២ហិកតា ស្មើនឹងជាង៦០០០ដើម នៅលើដីចម្ការរបស់ខ្លួន អស់រយ:ពេលជាង១០ឆ្នាំមកហើយ ក៏បានប្រមូលផលលក់ឱ្យឈ្មួញហូរហែ អស់រយៈពេលជិត១០ឆ្នាំមកហើយដែរ ។
លោក ឡោ សុខប៊ន បន្ថែមថា ជាក់ស្ដែងនៅឆ្នាំ២០២១នេះ ដើមកៅស៊ូ របស់គាត់ទទួលរងការរលំបាក់អស់ជាច្រើនដើម ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់ ។ ប៉ុន្តែទោះជាយ៉ាងណាគាត់នៅតែប្រមូលផលលក់បានជាង២តោន ដោយរៀងរាល់ឆ្នាំ ការប្រមូលផលជ័រកៅស៊ូ ថ្លឹងលក់បានទម្ងន់ប្រហាក់ប្រហែលគ្នា បើពេលណាមានភ្លៀងធ្លាក់ច្រើន គឺកៅស៊ូវសំបូរទៅដោយជ័រ តែបើរាំងស្ងួតខ្លាំង អត់សូវមានជ័រច្រើននោះទេ ។
បន្ថែមពីនេះ លោក ក៏បានបញ្ជាក់ដែរថា ចាប់តាំងពីដាំរហូតដល់អស់ជ័រ គឺមានរយៈពេលយូរអង្វែង ប្រហែលជា៤០ទៅ៥០ឆ្នាំ ទើបអស់ជ័រអាចនឹងកាប់ដើមចាស់ចោល រួចដាំកូនសារថ្មីឡេីងវិញ៕ដោយ៖សហការី