ខេត្តរតនគិរី៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ប្រចាំខេត្តរតនគិរី ត្រូវបានលោកប្រធាន គី តិច ចាត់ជាបន្ទាន់ឲ្យចុះជួបផ្ទាល់ និងទទួលជួយការពារសិទ្ធិជូនក្មេងស្រីរងគ្រោះករណី « រំលោភសេពសន្ថវៈ អារ.កប៉ុនប៉ងសម្លាប់បំបិទភស្តុតាង » ។
បន្ទាប់ពីទទួលបានការចាត់តាំងពី ប្រធាន គី តិច គឺលោក វិច សុវាចា អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ទទួលបន្ទុកខេត្តរតនគិរី និងលោកមេធាវី លី ទិត្យបូនាមី បានចុះជួបគ្រួសារកុមារីរងគ្រោះ លើអង្គហេតុជាសង្ខេបដូចខាងក្រោមនេះ ៖
សូមបញ្ជាក់ថា, កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០ (ល្ងាច) មានករណីរំលោភសេពសន្ថវៈលើកុមារីម្នាក់អាយុ១៤ឆ្នាំ ស្ថិតនៅចំណុចការដ្ឋានទី ៣ ក្រុមហ៊ុនហ័ងអញ ភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។ ជនល្មើសឈ្មោះ គា អាយុ៤១ឆ្នាំ បានរំលោភ និងបានអារ.ក ក្មេងស្រីរងគ្រោះរហូតដាច់បំពង់ក និងបានអូសក្មេងស្រីរងគ្រោះទំលាក់ទៅក្នុងអូរ ក្នុងបំណងសម្លាប់បំបិទភស្តុតាង ។ ជនល្មើសបានរង់ចាំរហូតដល់ក្មេងស្រីស្លាប់ ទើបបានចាកចេញ ប៉ុន្តែដោយក្មេងស្រីរងគ្រោះបានធ្វើពុតជាស្លាប់ ( អត់ដង្ហើមចំនួន១នាទី ) ទើបជនល្មើសចាកចេញពីកន្លែងកើតហេតុ ។ក្មេងស្រីរងគ្រោះប្រឹងវាឡើងពីអូរមកខាងលើ ទើបមានអ្នកជួយ និងបានយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ រួចផុតពីសេចក្តីស្លាប់ ។ ចំពោះជនល្មើស សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួន ។
ពាក់ព័ន្ធនឹងជនរងគ្រោះខាងលើ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកអភិបាលខេត្តរតនគិរី ចុះយកអំណោយទៅចែកជូនដល់ជនរងគ្រោះ និងបានសំណូមពរដល់សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ធ្វើការស្រាវជ្រាវស៊ើបអង្កេតរកឱ្យឃើញនូវជនល្មើសដែលបានប្រព្រឹត្ត មកលើនារីរងគ្រោះយ៉ាងឃោរឃៅបំផុតនេះ ដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ដោយ៖ សុខ ខេមរា