ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក​ យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

លោកស្រីរដ្ឋលេខាធិការបានបន្តថា,ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ​ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល​ សម្រាប់ក្រុមគ្រួសារ​ និងសម្រាប់សហគមន៍​ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក​ និងបិទខ្ទប់​ ចុះឡើងៗវិញនោះទេ។​

លោកស្រីវេជ្ជបណ្ឌិតបានក្រើនរំលឹកថា, ការបាត់បង់ជីវិតនៃស្វាមី​ និងភរិយា​ បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ​នៅថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី​ និងបានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា​ កូនៗក្តី​ ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី​ និងស្វាមី-ភរិយាក្តី​ ចាំបាច់​ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ​ ហើយត្រូវចងចាំថា​ ពេលត្រឡប់មកផ្ទះវិញ​ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ​ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា​ ដោយអនុវត្តវិធានការ “៣ការពារ​ និង៣កុំ” ដែលអាចជួយយើងបាន​ ឱ្យរួចផុតពីទុក្ខភ័យ​ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។

ប្រសិនបើ​​ ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ​ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទាន​ឡើងវិញ តាមបែបធម្មតា​ ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩​ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ​ “ធម្មតា​ តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ​ ឱ្យបានត្រឹមត្រូវទុកជាមុន​ទេនោះ​ មិនយូរមិនឆាប់​ យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាត​និងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។ សូមមេត្តាចងចាំត្រង់ចំណុចនេះ។

ជាចុងក្រោយលោកស្រីបានមានប្រសាសន៍បន្តថា, សូមអរគុណនូវរាល់ការចូលរួមការពារការចម្លងវីរុសនេះ​ ដើម្បីសុខភាពលោកអ្នក​ សុខភាពគ្រួសារលោកអ្នក​ និងសុខភាពសហគមន៍របស់យើង។

សូមជម្រាបជូនផងដែរថា , ការបរិយាយខាងលើនេះគឺជា អត្ថបទក្រើនរំលឹកដោយ​ លោកស្រីវេជ្ជបណ្ឌិត​​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ ប្រធាន​គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖