ព័ត៌មានទាន់ហេតុការណ៍៖

ខេត្ត​កោះកុង​នឹង​ក្លាយជា​បណ្ដុំ​សហគមន៍​វិនិយោគិន​កាន់តែ​ខ្លាំង​របស់​ជនជាតិ​ចិន

ចែករំលែក៖

ខេត្ត​កោះកុង​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខេត្ត​កោះកុង​បាន​ក្លាយជា​តំបន់​មួយ​ដែល​មានការ​ទាក់ទាញ​វិនិយោគិន​ជនជាតិ​ចិន​កាន់តែ​ខ្លាំង​ ដោយ​ឃើញ​មាន​គម្រោង​ធំ​ៗ​ជា​ច្រើន​ក្រោម​ការ​បណ្ដាក់ទុន​វិនិយោគ​របស់​ជនជាតិ​ចិន​ ​បាន​លេច​រូបរាង​ជា​បណ្ដើរ​ៗ​បេីទោះបី​ជាបច្ចុប្បន្ននេះកម្ពុជា​ ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូវីដ​១៩​ ក៏ដោយ​ ហើយកោះកុង​នឹង​កែប្រែ​ក្លាយទៅជា​បណ្ដុំ​សហគមន៍​វិនិយោគិន​ចិន​មួយ​ នា​ពេល​ខាង​មុខនេះ​។

ជាក់ស្ដែង​បេីយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកោះកុង​ នាពេលថ្មីៗនេះ​ បានឲ្យដឹងថា កោះកុង​ បាន​ទទួល​គម្រោង​វិនិយោគ​រមណីយដ្ឋាន​លំហែកាយ​ខ្នាត​ធំ​មួយ​ក្នុង​ខេត្ត​នេះ ដែល​អាច​ផ្ដល់​ការងារ​ដល់​និយោជិត​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ទៀត​នេះ ។

បេីតាម​ម្ចាស់​គម្រោង​រមណីយដ្ឋាន​លំហែកាយ​ខ្នាត​ធំ (Long Bay) បាន​បញ្ជាក់​​ថា គម្រោង Long Bay ជា​គម្រោង​រមណីយដ្ឋាន ទេសចរណ៍វប្បធម៌​ខ្នាត​ធំ​មាន​ក្រឡា​ផ្ទៃ និង​មាន​ផ្ទៃដី​សាងសង់​២​លាន​ម៉ែត្រការ៉េ​។ នា​ពេល​អនាគត​គម្រោង Long Bay​នេះ នឹង​បង្កើត​បានជា​ក្រុម​សណ្ឋាគារ ដ៏​ប្រណីត​បំផុត​មួយ ដែល​រួម​បញ្ចូល​គ្នា​ដោយ​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ជា​ច្រើន នឹង​ក្លាយទៅជា​ម​ជ្ឍ​មណ្ឌល សម្រាប់​លំហែរ​កាយ វិស្សមកាល ការ​ថែរក្សា​សុខភាព និង​ការ​កម្សាន្ត​ជាដើម​ដែល​មាន​ទំហំ​ធំ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ល្អ ឈានមុខ​គេ​បំផុត​នៅ​ក្នុង​ខេត្តកោះកុង ក៏​ដូច​ជា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ព្រមទាំង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ក្នុង​ខេត្តកោះកុង និង​ប្រទេស​កម្ពុជា ។​

ប្រភពដដែល​​ បន្ត​ថា​៖« រហូត​មក​ដល់​ពេល​នេះ​គម្រោង Long Bay មាន​និយោជិត​ក្នុងស្រុក​ជាង​៨០០​នាក់ ហើយ​នា​ពេល​អនាគត ប្រមាណ​២​ឆ្នាំ​ទៀត​តម្រូវការ​និយោជិត ក្នុងស្រុក​នឹង​មាន​ចំនួន​កើន​ដល់​រាប់​ម៉ឺន​នាក់ ។

ចំណែក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង លោក​ជំទាវ មិថុនា ភូ​ថង បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ផ្លាស់​ប្តូរ និង​សមិទ្ធិ​ផល នៃ​ការ​វិនិយោគ​ធនធាន​ទេសចរណ៍ និង​ការ​ដោះស្រាយ​បញ្ហា​កង្វះខាត​ការងារ ក្នុងស្រុក​ដែល​គម្រោង Long Bay បាន​ផ្តល់​សម្រាប់​ខេត្តកោះកុង ដែល​ចំណាយ​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បាន​កោតសរសើរ ចំពោះ​ម្ចាស់​កម្រោង​ សម្រាប់​ការ​យល់​ឃើញ​ដ៏​ឈ្លាសវៃ និង​ការ​សំរេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុង​ការ​វិនិយោគ​មក​លើ​ខេត្តកោះកុង ការ​វិនិយោគ​របស់​លោក​ឧកញ៉ា តឹង ភី​ពីង ដូចនឹង​សុភាសិត​ចិន​មួយ​ឃ្លា​ថា «​ប្រែ​ដុំ​ថ្ម​ទៅ​ជា​មាស​» ។

ដោយឡែក​បើ​តាមប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​ បាន​មាន​ប្រសាសន៍ដែរ​ថា​វិនិយោគិន​ចិន នឹង​មក​ប្រទេស​កម្ពុជា​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ដើម្បី​ស្វែងរក​កា​រវិ​និ​យោក​គ​បន្ថែម​ទៀត ក្រោយ​ពេល​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​បាន​ថមថយ ។​

លោក​ប្រធាន​សមាគម​រូប​នេះ​ បន្ថែម​ទៀត​ថា​៖« គោលដៅ​វិនិយោគ​របស់​វិនិយោគ​របស់​វិនិយោគិន​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ឃើញ​មាន​ខេត្ត​ព្រះ​សីហ​នុ ខេត្តកោះកុង និង​រាជធានី​ភ្នំពេញ ។ ហើយ​កោះកុង​នឹង​ក្លាយជា​បណ្ដុំ​សហគមន៍​វិនិយោគិន​ចិន​ដ៏​ទាក់ទាញ​មួយ​នៅ​ពេល​អនាគត​ខណៈ​ខេត្ត​នេះ មាន​អាកាសយានដ្ឋាន​អន្តរជាតិ តារា​សាគរ​ក្រោម​ការ​វិនិយោគ​របស់​ចិន នឹង​ដាក់​ដំណើរការ​ពេល​ឆាប់​ៗ និង​អាច​ទាក់ទាញ​វិនិយោគិន​ចិន​បន្ថែម​ទៀត​មក​បណ្ដាក់ទុន​ក្នុង​តំបន់ឆ្នេរ​មួយ​នេះ»៕ដោយ​៖សហការី​


ចែករំលែក៖