ខេត្តត្បូងឃ្មុំ៖ នៅបរិវេណវិទ្យាល័យសម្តេចជួនណាត ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន ប្រធានក្រុមការងាររាជ រដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកស្រី ម៉ក់ ស៊ីថា រួមជាមួយលោកប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំនៅទូទាំងស្រុក លោកអភិបាលនៃគណអភិបាលស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក និងអាជ្ញាធរពាក់ព័ន្ធ បាននាំយកសម្ភារបរិក្ខាពេទ្យមួយចំនួនមកប្រគល់ជូនបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងបរិវេណវិទ្យាល័យសម្តេចជួនណាត។
មានមតិសំណេះសំណាលក្នុងពិធីប្រគល់ទទួលនេះ លោករដ្ឋមន្ត្រីក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ លោកបានថ្លែង អំណរគុណជូនចំពោះលោកប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ សមាជិក និងសប្បុរសជនទាំងអស់ដែលបានជួយបរិច្ចាកថវិកា និងសម្ភារ ផ្ទាល់ខ្លួនក្នុងបុព្វហេតុដើម្បីចូលរួមសម្រាលទុក្ខលំបាលរបស់បងប្អូនកំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កចំនួនបីកន្លែងសរុបចំនួន៥១៥នាក់ ដោយឡែកនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចជួនណាត មានចំនួន ២២២នាក់ ក្នុងនោះស្រ្តីជាកម្មករមាន ២១០នាក់។ ក្នុងឱកាសនេះ លោកបានស្នើសុំឲ្យលោកអភិបាលនៃគណអភិបាលស្រុក សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្ទីរពេទ្យបង្អែក លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សា ការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។ ដោយឡែកចំពោះបងប្អូនទាំង ២២២នាក់ លោកបានណែនាំក្នុងន័យលើកទឹកចិត្ត ឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងទាំងសម្ភារ និងស្មារតី ជាអាទិ៍៖
១- ត្រូវមានក្តីសង្ឃឹម ថាត្រូវតែឈ្នះមេរោគនេះ ហើយតាំងចិត្តថានឹងទទួលបានសុវត្ថិភាព រួចវិលត្រឡប់ទៅកាន់លំនៅឋាន ជួបជុំគ្រួសារ និងបំពេញការងាររៀងៗ ក្នុងពេញឆាប់ៗខាងមុខជាមិនខាន។
២- ត្រូវប្រកាន់យកការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីសុខភាពល្អ។
៣- ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវការហាត់ប្រាណ ដើម្បីសុខភាពល្អ រាង្គកាយមាំមួន យើងនឹងឈ្នះជំងឺនេះ។
៤- ត្រូវអនុវត្តឲ្យបានខ្ចាប់ខ្ជួនតាមការណែនាំរបស់លោកគ្រូ-អ្នកគ្រូវពេទ្យ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ជាពិសេសការទទួលទានថ្នាំព្យាបាល ក្នុងករណីមានគ្រុនក្តីបន្តិចបន្ទួច។
យល់ពីស្ថានភាពដ៏លំបាកនាពេលនេះ លោកប្រធានក្រុមការងារបានជួយឧបត្តម្ភគ្រែបត់ចំនួន ៦០០ សម្រាប់ប្រើប្រាស់ក្នុងការស្នាក់នៅ និងជាកាដូពិសេសជូនយកទៅប្រើប្រាស់ក្នុងគ្រួសារនៅពេលបិទបញ្ចប់ការធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ រួមទាំង ម៉ាស ២៥ ០០០ អាល់កុល ១៥០លីត្រ ផង៕
ដោយ ៖ សិលា