ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម សម្រេចយកមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុង​កំពង់ចាម សម្រាប់ព្យាបាលអ្នក​ជម្ងឺ​កូ​វីដ​-១៩​កម្រិត​ស្រាល​ជាង​១​ពាន់​នាក់​

ចែករំលែក៖

ខេត្តកំពង់ចាម៖ បើយោងតាមប្រភព ពីរដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់អោយដឹងថា, ក្រោយពីមានអ្នកជម្ងឺកូវីដបានឆ្លងរីករាលខ្លាំងក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំពីសំណាក់ លោក អ៊ុន ចាន់ដា បានសម្រេចជ្រេីសរេីសយកវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ជាកន្លែងពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩កម្រិតស្រាល បន្ថែមទៀត ។

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងរៀបចំដាក់បរិក្ខាពេទ្យ និងកែលម្អ ដាក់គ្រែសម្រាប់ពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩ បន្ទាប់ពីរៀបចំទីតាំងមួយនេះហេីយ ។
ឆ្លៀតឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានជម្រុញដល់ក្រុមការងារធ្វេីយ៉ាងពន្លឿនការងាររៀបចំឲ្យលឿន បំពាក់ប្រព័ន្ធភ្លេីង ប្រព័ន្ធទឹក បង្គន់ និងរៀបចំគ្រែ ។ មណ្ឌលវិទ្យាល័យព្រះសីហនុមួយនេះ អាចដាក់អ្នកជម្ងឺកូវីដ-១៩បានប្រមាណជាង១ពាន់នាក់៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖