ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅរុស្ស៊ី លោក Venkatesh Varma នាថ្ងៃទី២២ខែឧសភាបានប្រកាសថា ឥណ្ឌានឹងចាប់ផ្តើមផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់រុស្ស៊ី Sputnik V នៅខែសីហាឆ្នាំ២០២១។ ការផលិតវ៉ាក់សាំង នឹងជួយឲ្យឥណ្ឌាអាចគ្រប់គ្រងការឆ្លងរាលដាលបានយ៉ាងឆាប់រហ័សបំផុត។
លោក Venkatesh Varma បានបញ្ជាក់ថា «ឥណ្ឌានឹងចាប់ផ្តើមផលិតវ៉ាក់សាំង Sputnik V នៅខែសីហាខាងមុខរហូតដល់ខែកញ្ញានិងខែតុលា នឹងផលិតបានវ៉ាក់សាំងយ៉ាងតិច ៨៥០លានដូស។
ដូច្នេះឥណ្ឌា នឹងផលិតប្រមាណ៦៥-៧០%វ៉ាក់សាំងSputnik V សម្រាប់ចែកចាយនៅលើពិភពលោក ។ រុស្ស៊ីនឹងចែកចាយវ៉ាក់សាំងខាងលើនេះទៅលើពិភពលោកទាំងមូលក្រោយពេលតម្រូវការរបស់ឥណ្ឌាបានគ្រប់គ្រាន់។
ឥណ្ឌាទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ចំនួន២១០ ពាន់ដូសនៅដើមខែឧសភា ហើយនៅចុងខែនេះនឹងបន្តទទួលបានវ៉ាក់សាំងបន្ថែម៣លានដូសទៀត។ នៅខែមិថុនា នឹងបន្តទទួលបាន៥លានដូសបន្ថែមទៀត។
នៅពេលនេះដែរ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅមានចំនួន ៣,៧៤១នាក់ ហើយទន្ទឹមគ្នាក៏មានករណីឆ្លងថ្មីៗសរុប២៤០,៨៤២នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៦.៥លានករណី ក្នុងនោះមានអ្នកស្លាប់ ២៩៩,២៦៦នាក់ និងជាសះស្បើយឡើងវិញជាង ២៣លាននាក់ ខណៈអ្នកជំងឺជិត ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល៕
ដោយ៖ ធីរីណា(រូបភាព៖Reuters )