ព័ត៌មានទាន់ហេតុការណ៍៖

ទើបខាតទ្រព្យព្រោះអគ្គិភ័យឆេះផ្សារ ពេលនេះតារាសម្តែង ម៉ិច ម៉ារីកា និងអាជីវករផ្សារសំរោងយ៉ោងមួយចំនួនរកឃើញវិជ្ជមានជំងឺកូវីដ-១៩ទៀត

ចែករំលែក៖

   ភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើលក្រោយពីតារាសម្តែង មុិច ម៉ារីកា បានប្រកាសថានាងមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីម្សិលមិញនេះ ។ អ្វីដែលធ្វើឲ្យគេអាណិតនាងនិងអាជីវករនៅផ្សារសំរោងយ៉ោងនោះគឺការរកឃើញពួកគាត់មានវិជ្ជមានជំងឺកូវីដ-១៩  ខណៈដែលប៉ុន្មានខែមុនទើបនឹងត្រូវអគ្គិភ័យឆាបឆេះតូចក្នុងផ្សារស្ទើរតែទាំងស្រុងខាតទ្រព្យសន្ធឹកនោះ។ 

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបាទីបានបញ្ជាក់កាលពីថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១បានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤០នាក់ដែលក្នុងនោះមួយចំនួនធំគឺជាអាជីវករផ្សារសំរោងយ៉ោងតែម្តង។ តារាសម្តែង ម៉ិច ម៉ារីកា បានលើកឡើងថា នាងពិតជារកឃើញវិជ្ជមានជំងឺកូវីដ-១៩មែន។
នាងថាការឆ្លងគឺអាចពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅគ្រាដែលនាងបានជួបប្អូនស្រីដែលជាអាជីវករនៅផ្សារសំរោងយ៉ោង និងបានជិះរថយន្តរួមគ្នា និងបានរកឃើញវិជ្ជមាននៅថ្ងៃទី២៣ខែឧសភានេះក្រោយទទួលដំណឹងថាអ្នកដែលនាងបានប៉ះពាល់ផ្ទាល់រកឃើញវិជ្ជមានជំងឺកូវីដ-១៩នោះ។ នាងថាគ្រួសារនាងមានតែ២នាក់ទេដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយពេលនេះនាងបានកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសែនសុខជិតផ្សារអុីអន២នោះ ហើយពេលនេះស្ថានភាពសុខភាពរបស់នាងនៅមិនមានអ្វីដែលលេចចេញណាមួយនៅឡើយ ហើយនាងក៏ទើបតែបានចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន១ដងរួចមកហើយ។ ការភ្ញាក់ផ្អើលរហូតទៅធ្វើសំណាកនេះគឺក្រោយពីទទួលបានដំណឹងថាអាជីវករផ្សារសំរោងយ៉ោងជាច្រើននាក់ក៏ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ផងដែរ ដែលនេះគឺជាដំណឹងដ៏គួរឲ្យសោកស្តាយមួយបន្ទាប់កាលពី ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ ២០២០ គឺថ្ងៃភ្ជុំបិណ្ឌនោះអគ្គិភ័យបានលេបត្របាក់តូបលក់ដូរជាច្រើនតូបនៅផ្សារសំរោងយ៉ោងដែលស្ថិតនៅស្រុកបាទីខេត្តតាកែវ។ ក្នុងនោះដែរមានតូបលក់ដូរទំនិញមួយត្រូវបានគេស្គាល់ថាជាតូបរបស់តារាសម្តែងកញ្ញា ម៉ិច ម៉ារីកា ដែលត្រូវឆេះទាំងស្រុងទាំងទំនិញក្នុងនោះក៏មិនត្រូវយកបានមកវិញសូម្បីតែបន្តិចដែលការខាតបង់ជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារអាមេរិកនោះ។  គ្រានោះតូបសរុបនៅផ្សារមានប្រមាណ២៦០តូប តូបដែលឆេះគឺប្រមាណ២៣០តូប ហើយនេះគឺជាដំណឹងដ៏គួរឲ្យសោកស្តាយ និងអាណិតជាពន់ពេកសម្រាប់ពួកគាត់៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖