ព័ត៌មានទាន់ហេតុការណ៍៖

នាំចូលសាច់ជ្រូកខូចគុណភាព១០០ គីឡូក្រាម ដោយវិធីលីរែកពុន ត្រូវសមត្ថកិច្ចព្រំដែនចាប់យកទៅដុតកម្ទេចចោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែនបានចាប់សាច់ជ្រូកចំនួន១០០គីឡូក្រាម និងឃាត់ខ្លួនអ្នកនាំចូលចំនួន២នាក់ក្រោយឆែករកឃើញនិងពិនិត្យឃើញថាសាច់ជ្រូកចំនួនខាងលើខូចគុណភាពទាំងអស់ដែលឈ្មួញលួចនាំចេញពីប្រទេសថៃក្បែរច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីខេត្តបាត់ដំបងដោយវិធីលី រែកពុន ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីបង្ក្រាបបទល្មើសនេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ ត្រង់ចំណុចមាត់អូរព្រំដែនក្នុងភូមិសាស្រ្តភូមិគីឡូ១៣ ឃុំសន្តិភាព ក្បែរច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបង។មន្ត្រីជំនាញបានដកហូតបានវត្ថុតាងសាច់ជ្រូកសរុបចំនួន១០០គីឡូក្រាម(ខូចគុណភាព)ដែលក្រុមឈ្មួញលួចលាក់នាំយកចេញពីប្រទេសថៃនៅយប់រំលងអធ្រាត្រដោយឆ្លងកាត់តាមច្រករបៀង។ ក្រោយចាប់បានមន្ត្រីជំនាញបានដកហូតសាច់ជ្រូកទាំងអស់នេះយកទៅដុតបំផ្លាញចោលនៅហ្នឹងកន្លែងតែម្តង។

ដោយឡែកចំពោះមនុស្សចំនួន២នាក់ជាកម្មករលីសាច់ជ្រូកដែលឃាត់ខ្លួនបានត្រូវសមត្ថកិច្ចអប់រំណែនាំឱ្យធ្វើកិច្ចសន្យា បញ្ឈប់ធ្វើសកម្មភាពបែបនេះបន្តទៀត រួចនាំខ្លួនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃតាមវិធានសុខាភិបាលដើម្បីទប់ស្កាត់ការរាលឆ្លងនូវជំងឺកូវីដ-១៩ នៅតំបន់នោះ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖