ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលអំណោយសប្បុរសធម៌ ជាស្បៀងអាហារជាច្រើនមុខពី ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដើម្បីចូលរួមចែកជូនជនរងគ្រោះដោយជំងឺកូវិដ-១៩

ចែករំលែក៖

ភ្នំពេញ៖  លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ពោលគឺធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។

    ការថ្លែងការកោតសរសើរបែបនេះរបស់លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ ខណៈ លោកនាំយកស្បៀង អាហារជាច្រើនមុខជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ។ 

   លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍លើកឡើងថា  ដើម្បីសុខុមាលភាពប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងណាស់ដោយមិនបានគិតថា ថ្ងៃឬយប់ឡើយ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការរីករាលដាលមេរោគកូវីដ-១៩ ។ 

  លោកបញ្ជាក់ថា ៖ស្ថានភាពកូវីដ-១៩ នៅភ្នំពេញមិនទាន់មានភាពល្អប្រសើរនូវឡើយទេ ព្រោះនៅមានតំបន់លឿងទុំនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវតែបើកអោយការធ្វើចរាចរណ៍ឡើងវិញ ជាមួយនិងការជំរុញឱ្យអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលនិងការអនុវត្ត ៣កុំនិង៣ការពារ របស់សម្តេចតេជោ។

   លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត ដែលបានឧបត្ថម្ភ៖ ១- ថវិកា ចំនួន ១២១,៦៩៤ ,០០០រៀល ២- សាប៊ូ ចំនួន ៣០០កញ្ចប់,៣- ទឹកត្រី និងទឹកស៊ីម៉ីច ចំនួន ៦,០០០ដប ,៤- ទឹកបរិសុទ្ធហាយធិច ចំនួន ២០០កេស, ៥- ពងមាន់ ចំនួន ២,០០០គ្រាប់, ៦ – សាច់មាន់ចំនួន ១០០ក្បាល,៧- សាច់កែច្នៃចំនួន ១០០គីឡូក្រាម ,៨- សាច់ក្រក ចំនូន ៥០កញ្ចប់,៩- មាន់អាំង ចំនួន ៥០កញ្ចប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩នេះ។

  លោកអភិបាលបន្តថា ៖ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ បានស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់លោក កិត្តិសេដ្ឋា បណ្ឌិត ដែលកន្លងមកតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ ខ្លួន ដោយឈរលើបុព្វហេតុជាតិ នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការ រាតត្បាតពីមេរោគកូវីដ-១៩៕

ដោយ ៖ សំរិត


ចែករំលែក៖