ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ មនុស្ស១៤៩នាក់ត្រូវបានចាប់ខ្លួនដោយរៀបចំខួបកំណើតក្នុងរដូវកូវីដ-១៩

ចែករំលែក៖

កម្លាំងប៉ូលិសអាមេរិក បានចាប់ខ្លួនមនុស្ស ១៤៩ នាក់ ដោយចោទប្រកាន់ពីបទបំពានច្បាប់ បម្រាមគោចរដោយប្រារព្ធពិធីខួបកំណើតនៅឆ្នេរសមុទ្រ ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា និងបាញ់កាំជ្រួចផ្កាភ្លើង។
នៅក្នុងពិធីខួបកំណើត មានពលរដ្ឋរហូតដល់ទៅ២៥០០នាក់ចូលរួម។ ការជួបជុំគ្នាកើតឡើងតាមការអញ្ជើញពីឃ្លីបវីដេអូបង្ហោះលើបណ្តាញសង្គម TikTok របស់មនុស្សម្នាក់ដែលមានឈ្មោះថា adrian.lopez517 ។ ការប្រកាសអញ្ជើញតាមបណ្តាញសង្គម TikTok ទទួលបានការទស្សនារហូតដល់ទៅ ១៨០លាននាក់។
កម្លាំងប៉ូលិស តំបន់ Huntington Beach បានឲ្យដឹងថា ក្រោយឃ្លីបវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២១ខែឧសភា មានមនុស្ស ៤០០នាក់ចូលរួម ។

អ្នកដែលចូលរួមបានបាញ់កាំជ្រួចផ្កាភ្លើង។ កម្លាំងប៉ូលិស Huntington Beach ប្រកាសថាមានអ្នកដំណើរជាច្រើនមកកាន់ឆ្នេរសមុទ្រ តាមការអញ្ជើញតាមបណ្តាញ TikTok ។
ក្រោយមក កម្លាំងប៉ូលិសក្នុងតំបន់បានប្រកាស ថាសកម្មភាពជួបជុំគ្នាគឺជារឿងខុសច្បាប់។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស ១៤៩នាក់ផងដែរ ។ លោក Jennifer Carey អ្នកនាំពាក្យកម្លាំងប៉ូលិស ក្នុងចំណោមអ្នកចាប់ខ្លួនមានមនុស្សធំ ១២១នាក់និងកុមារ២៨នាក់ រងការចោទប្រកាន់ពីបទបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់ បំពានច្បាប់បម្រាមគោចរ។
បច្ចុប្បន្នអាមេរិកមានករណីឆ្លងកូវីដ-១៩ក្រោម៣ម៉ឺននាក់ ក្នុងមួយថ្ងៃ គឺជាចំនួនតិចបំផុតក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រោយមានពលរដ្ឋជាច្រើនបានចាក់វ៉ាក់សាំងកូវីដ-១៩៕

ដោយ៖ធីរីណា(រូបភាព៖AP)


ចែករំលែក៖