ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី អោងសាន ស៊ូជី បង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីយោធាចាប់ខ្លួន

ចែករំលែក៖

អតីតទីប្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី នៅថ្ងៃទី២៤ខែឧសភានេះ បានបង្ហាញខ្លួននៅមុខតុលាការ ដែលជាការបង្ហាញខ្លួនដោយផ្ទាល់ចាប់តាំងពី ការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។

សារព័ត៌មានរ៉យទ័របានផ្សាយថា មេធាវី របស់លោកស្រីស៊ូជី គឺលោក Thae Maung Maung បានលើកឡើងថា លោកស្រីស៊ូជី មានសុខភាពល្អ ។ លោកស្រីបានជួបដោយផ្ទាល់ជាមួយក្រុមការងារច្បាប់របស់លោកស្រី ក្នុងរយៈពេល ៣០នាទីមុនពេលឡើងសវនាការ ។
កាលពីថ្ងៃទី២២ខែឧសភាមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaingបានលើកឡើងថា លោកស្រីស៊ូជី មានសុខភាពល្អ ហើយនឹងបង្ហាញខ្លួនក្នុងតុលាការ។ លោក Min Aung Hlaing បាននិយាយជាមួយបណ្តាញទូរទស្សន៍ Phoenix Television ថា «សុខភាពរបស់លោកស្រីស៊ូជី ល្អធម្មតា »។
លោកស្រីស៊ូជីអាយុ ៧៥ឆ្នាំ ជាអ្នកទទួលបានពានរង្វាន់ណូបែលសន្តិភាព បានខិតខំតស៊ូដើម្បីកសាងប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានយោធាចាប់ឃុំខ្លួន រួមជាមួយមន្ត្រីជាច្រើន ចាប់តាំងពីការធ្វើរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១មក។
បច្ចុប្បន្នលោកស្រីស៊ូជីប្រឈមការចោទប្រកាន់ជាច្រើនករណី ក្នុងនោះក៏មានការចោទប្រកាន់ពីបទបំពានច្បាប់អាថ៌កំបាំងជាតិផងដែរ។ គណបក្សរបស់លោកស្រីស៊ូជីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០ ។ កម្លាំងយោធា បានធ្វើរដ្ឋប្រហារហើយឡើងកាន់អំណាចនៅថ្ងៃទី១ខែកុម្ភៈ។
ចាប់តាំងពីពេលនោះមក មីយ៉ាន់ម៉ា ធ្លាក់ក្នុងភាពអសន្តិសុខ ដោយមានបាតុកម្មជាច្រើនកើតឡើងក្លាយជាអំពើហិង្សា ។

មិនតែប៉ុណ្ណោះការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាល និងក្រុមទាហានជនជាតិភាគតិចក៏ចាប់ផ្តើមកើតមានជាហូរហែផងដែរ ៕ដោយ៖ ធីរីណា

រូបភាព៖Reuters 

រូបភាព៖AFP


ចែករំលែក៖