ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូសមាជិករដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទេ្វភាគីជាមួយសមាជិកសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកស្រី វ័ង ហុងយៀន (Wang Hongyan) សមាជិកគណៈអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស តាមរយៈប្រព័ន្ធប្រជុំអនឡាញ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ «កិច្ចប្រជុំទ្វេភាគីដ៏សំខាន់នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងការកសាងសហគមន៍ជោគវាសនារួមដែលមានលក្ខណៈយុទ្ធសាស្រ្ត ជាពិសេសរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្រសិទ្ធនាមថា “ចំណងមិត្តភាពដែកថែប” និងបានបង្កើត ”ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
មានប្រសាសន៍ក្នុងសុន្ទរកថាបើក លោកប្រធានគណៈប្រតិភូ បានរំលេចខ្លឹមសារពីសារសំខាន់នៃកិច្ចប្រជុំថ្ងៃនេះថាជាវេទិកាមួយ ដែលអនុញ្ញាតឱ្យសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ មានឱកាសចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក៕
ដោយ ៖ សិលា