ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗខណៈពួកគេប្រទះឃើញជនរងគ្រោះដេកស្លាប់តែម្នាក់ឯង សង្ស័យកើតជំងឺខ្យល់គរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កែវ កុសល អាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ មុខរបរ កសិករ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យហើយទើបសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ យឹម សុថាន