ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករ និយោជិតទាំងអស់ជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ នោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។
ក្នុងករណី ម្ចាស់ ឬនាយករោងចក្រ សហគ្រាសណាមិនអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានសម្រាកចំនួន ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ ដែលមានសរសេរក្នុងប័ណ្ណចាក់វ៉ាក់សាំងនោះ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួងតាមរយៈទូរស័ព្ទលេខ ០៨៧ ៥២៥ ៦៥៦ និង ០១១ ៨៤៨ ៤៨៦ ឬក្រុមតេឡេក្រាម https://t.me/KhmerWarkerChat។
ការរារាំងបុគ្គលណាម្នាក់មិនឱ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ គឺល្មើសនឹងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត, ច្បាប់ស្តីពីការងារ, និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ដូចនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវជួយជំរុញ និងអនុញ្ញាតឱ្យកម្មករនិយោជិតទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ ចាក់ដួសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរក្នុងប័ណ្ណចាក់វ៉ាក់សាំង។ បើមិនដូច្នេះ ម្ចាស់ ឬរោងចក្រ សហគ្រាស នឹង ត្រូវទទួលពិន័យជាប្រាក់ និងផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន។
សូមកម្មករនិយោជិតទាំងអស់ដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩រួច មេត្តាថែរក្សាប័ណ្ណចាក់វ៉ាក់សាំងឱ្យបានល្អ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍នៅពេលខាងមុខ។ ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
(រូបភាពសម្ដេចតេជោ ហ៊ុន សែន និងកម្មករ-កម្មការិនីនាពេលកន្លងមក)
ដោយ ៖ សិលា