ខេត្តកំពត ៖ ប្រជាពលរដ្ឋប្រុសស្រី៩នាក់បានស្លាប់ជាបន្តបន្ទាប់ដោយគិតចាប់ពីថ្ងៃទី២១ឧសភា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ និង៣៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីពួកគាត់ចូលរួមក្នុងពិធីបុណ្យសពមួយ ក្នុងភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ហើយសង្ស័យថា ជាករណីពុលស្រា.ស។
តាមរបាយការណ៍ពីរដ្ឋបាលស្រុកកំពង់ត្រាច បានឱ្យដឹងថា ក្រោយពីទៅចូលរួមក្នុងពិធីបុណ្យសពក្នុងភូមិឃុំកើតហេតុខាងលើ ពោលគឺចាប់ពីថ្ងៃទី២១ឧសភា រហូតដល់ព្រឹកថ្ងៃទី២៤ ខែឧសភា មនុស្សប្រុសស្រីចំនួន៨នាក់បានស្លាប់ជាបន្តបន្ទាប់នៅគ្រាដែលជនរងគ្រោះទាំងនោះដេកឈឺនៅផ្ទះ និងតាមគ្លីនិកផ្សេងៗ។ ដោយឡែកជនទី៩បានស្លាប់ នៅរសៀលថ្ងៃទី២៤ខែឧសភា បន្ទាប់ពីនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ដោយសារស្ថានភាពជំងឺដល់ដំណាក់កាលធ្ងន់ខ្លាំង។
គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា ដោយទទួលព័ត៌មានថា អ្នកភូមិជាច្រើនកំពុងដេកឈឺនៅផ្ទះ និងតាមគ្លីនិកមួយចំនួន ដែលសង្ស័យថាមកពីពុលស្រា.ស។ពេលដឹងដូច្នេះ នៅព្រឹកថ្ងៃទី២៤ ខែឧសភា មន្ត្រីសុខាភិបាលស្រុកបានតាមស្វែងរក រួចបញ្ជូនអ្នកជំងឺចំនួន៣៤នាក់ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ប៉ុន្តែជាអកុសល បុរសវ័យប្រហែល៤០ឆ្នាំម្នាក់ បានស្លាប់ព្រោះតែស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំងពេក។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា សមត្ថកិច្ច និងមន្ត្រីជំនាញកំពុងធ្វើកិច្ចការនេះ ដោយយកស្រា.ស ដែលសល់ពីពួកគាត់ពិសាទៅធ្វើការពិសោធន៍ហើយជាលទ្ធផលយ៉ាងណានោះ នឹងចុះទៅត្រួតពិនិត្យតាមបណ្តាហាងបិទស្រា.សជាបន្តទៀត៕
ដោយ៖ សូរិយា