ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយបើកបុកម៉ូតូពីក្រោយនិងកិនអូសជាង១០ម៉ែត្រ​ តែអ្នកបើកម៉ូតូរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់កំពុងតែជិះម៉ូតូសុខៗស្រាប់តែត្រូវរថយន្តហុីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿនមកបុកពីក្រោយនិងកិនម៉ូតូអូសជាង១០ម៉ែត្រ ហើយអ្នកបើកបររថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ។ 

    ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចមុខសាលារៀន​ប៊ីគីវេ​ តាមបណ្ដោយផ្លូវលេខ២១៧​ កែងនឹងផ្លូវបេតុងបឹងតាម៉ាត​  ភូមិសំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ ។

    ជនរងគ្រោះមានឈ្មោះ​ សេ្រង​ រិទ្ធ​ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ​ ស្នាក់នៅភូមិថ្មី​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ ។

ចំណែកអ្នកបើកបររថយន្តបង្កហេតុមិនស្គាល់អត្តសញ្ញាណទេព្រោះតែរត់ចោលរថយន្តបាត់ទៅ។

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាគុបជ្រុង​ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 1AI -2716 ជិះតាមផ្លូវលេខ២១៧​ ក្នុងទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3A-6475 បើកបរដោយបុរសម្នាក់រួមនឹងព្រូពីរនាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្ដាលឱ្យបុរសរងគ្រោះខ្ទាតចេញពីម៉ូតូរងរបួសស្រាល​ ចំណែករថយន្តបានអូសម៉ូតូប្រហែលជាង១០ម៉ែត្រ​ទើបឈប់​ រីឯអ្នកបើកបរបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់តែរថយន្តនិងព្រូពីរនាក់នៅកន្លែងកើតហេតុ​ ។ ពេលនោះសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងយកម៉ូតូរួមនឹងរថយន្តដាក់អែបខាង​ រួចបានទំនាក់ទំនងទៅខាងថៅកែរថយន្តដើម្បីមកដោះស្រាយគ្នាជាមួយជនរងគ្រោះ ។

    ក្រោយពេលកើតហេតុ​ ដោយសារភាគីទាំងសងខាងចរចាគ្នាមិនត្រូវគ្នា​ ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖