ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឆ្មក់បង្ក្រាបក្រុមគាស់ផ្ទះប្រជាពលរដ្ឋ៦នាក់ ខណៈកំពុងប្រមូលផ្តុំគ្នាប្រេីប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៦នាក់ជាមុខសញ្ញាចាស់ដេីរគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិមានតំលៃត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបនិងឃាត់ខ្លួន​ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២១​ ខណៈពួកគេកំពុងប្រមូលផ្តុំគ្នាប្រេីប្រាស់គ្រឿងញៀន​ នៅក្នុងផ្ទះមួយកន្លែង​ ភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួនមាន ៖

ទី១-ឈ្មោះ សិន​ ណេង​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរកម្មករសំណង់​។

ទី២-​ឈ្មោះ សុខ​ រដ្ឋា​ ភេទប្រុសអាយុ២៥​ឆ្នាំ​ មុខរបរកម្មករសំណង់។

​ ទី៣-ឈ្មោះ វ៉ាន់​ រ៉ាវី​ ភេទប្រុសអាយុ២៧ឆ្នាំ​មុខរបរកម្មករសំណង់​។

  ទី៤-ឈ្មោះ ប៉ុន ថេត​ ភេទប្រុសអាយុ២៣​ឆ្នាំ​ មុខរបរកម្មករសំណង់។

​ ទី៥-ឈ្មោះ ទូច​ វ៉ានី​  ភេទប្រុសអាយុ២៩​ឆ្នាំ​ ។

ទី៦-ជាបងធំគេឈ្មោះ​ អាកៃ​ អាយុ៣០ឆ្នាំ​ នាក់ទាំងអស់គ្នាស្នាក់នៅកន្លែងឃាត់ខ្លួនខាងលេី។ 

តាមសមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យខាងលេីជាមុខសញ្ញាចាស់ដែលកម្លាំងតាមដាននិងស្រាវជ្រាវអស់រយៈពេលជាយូរមកហេីយ​  ។ នៅយប់ឈានចូលថ្ងៃទី២៣​ ខែឧសភា​ ជនសង្ស័យខាងលេីឈ្មោះកៃ​ និងឈ្មោះសុខរដ្ឋា​ ធ្លាប់គាស់ផ្ទះប្រជាពលរដ្ឋនៅផ្សារជម្ពូវ័នលួចសម្ភារគិតជាទឹកប្រាក់ ជាង៣ពាន់ដុល្លារ​ ហេីយគេចខ្លួនបាត់អស់​ ។ បន្ទាប់មកទេីបជនរងគ្រោះដោយពិនិត្យតាមកាមេរ៉ាសុវត្តិភាព​ ឃេីញភិនភាគជនសង្ស័យច្បាស់ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលចោមចៅទី១​ ដោយសារប៉ុស្តិ៍ចោមចៅទី៣ជាប់ធ្វេីចត្តាឡីស័ក​ ។ 

សមត្ថកិច្ចបានបន្តថា​ លុះមកដល់ថ្ងៃកេីតហេតុមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថាផ្ទះខាងលេីមានមនុស្សប្រុសចេញចូលខុសពីធម្មតាសង្ស័យប្រេីប្រាស់ថ្នាំញៀនទេីបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១​ បេីកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែងឃេីញជនសង្ស័យកំពុងប្រេីប្រាស់ថ្នាំញៀនទេីបធ្វេីការឃាត់ខ្លួនយកទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង៕

ដោយ៖ សុខា សែនជ័យ


ចែករំលែក៖