ភ្នំពេញ៖ មុននេះមានការភ្ញាក់ផ្អើលសម្រាប់អ្នកក្នុងចង្កោមសិល្បៈ និងផលិតភាពយន្តហើយក្រោយពីផលិតកម្ម LD Entertainment ដែលជាផលិតកម្មផលិតស្នាដៃភាពយន្តធំមួយនៅកម្ពុជា បានប្រកាសអំពីការរកឃើញបុគ្គលិករបស់ខ្លួនចំនួន៣នាក់មានវិជ្ជមានជំងឺកូវីដ-១៩។ ផលិតកម្មបានប្រកាសភ្លាមៗបន្ទាន់ ដោយអំពាវនាវដល់បងប្អូនទាំងអស់គ្នាក្រុមការងាររបស់ផលិតកម្មអិលឌីអីធើធេនមេន មាន៣នាក់រកឃើញវិជ្ជមានកូវីដ-១៩ ថ្ងៃនេះដែលមានទី១ឈ្មោះ គង់ ឌីណា រកឃើញវិជ្ជមានម្សិលមិញ ទី២ឈ្មោះ សុខឡេង និងទី៣ សឿន វិចិត្រ រកឃើញវិជ្ជមានព្រឹកនេះ។ ផលិតកម្មក៏សូមអ្នកដែលបានជួបអ្នកទាំងបីខាងលើឬក៏បានប៉ះពាល់ផ្ទាល់ជាមួយពួកគាត់សូមមេត្តាទៅធ្វើតេស្តដើម្បីរកមេរោគកូវីដ-១៩នេះ។
លោក លៀក លីណា ចាងហ្វាងផលិកម្ម LD Entertainment បានបញ្ជាក់ថា មួយរយៈចុងក្រោយនេះការងារផលិតភាពយន្តនៅមានចំនួនតិចតួចប៉ុណ្ណោះព្រោះតែការបង្ការពីការឆ្លងជំងឺកូវីដ-១៩ និងប្រុងប្រយ័ត្នខ្ពស់បំផុតប៉ុន្តែស្រាប់តែលេចចេញរោគសញ្ញាលើបុគ្គលិកម្នាក់មានអាការៈមិនស្រួលខ្លួនផលិតកម្មក៏រួតរះឲ្យគាត់ទៅធ្វើសំណាកហើយចេញលទ្ធផលវិជ្ជមាន និងធ្វើដំណាក់កាលដំបូងបានរកឃើញចំនួន៣នាក់ហើយ ហើយពួកគាត់គឺជាបុគ្គលិកផ្នែកផលិត មិនពាក់ព័ន្ធផ្ទាល់ជាមួយក្រុមការងារច្រើន ឬសិល្បករឡើយ។ លោកថា ម្សិលមិញនេះលោកបានឲ្យបុគ្គលិកប្រមាណ៥០នាក់ទៅធ្វើសំណាកដើម្បីតាមដានរកអ្នកមានវិជ្ជមានបន្ត។ លោកថា សម្រាប់លទ្ធផលយ៉ាងណាគឺត្រូវរង់ចាំការបញ្ជាក់ប្រកាសបន្តពីក្រសួងសុខាភិបាល ។ ទោះជាយ៉ាងណាសកម្មភាពផលិតទាំងអស់ត្រូវបានផ្អាក និងត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព ដែលដំណើរការផលិតបន្តនឹងធ្វើឡើងនៅ៤សប្តាហ៍ទៅ១ខែ ខណៈដែលកន្លងទៅជាមួយឥទ្ធិពលនៃការរីករាលដាលរបស់ជំងឺកូវីដ-១៩ រោងភាពយន្តបានផ្អាកដំណើរ ខ្វះចំណូល ប៉ុន្តែផលិតកម្មមិនបានកាត់បុគ្គលិក ឡើយ គឺនៅតែផ្តល់ប្រាក់ខែជាប្រចាំដដែល ។ លោកថាក្រោយការប្រកាសទៅតាមភាពមានទំនួលខុសត្រូវនោះ អ្នកពាក់ព័ន្ធក៏បានធ្វើសំណាករួចរាល់អស់ហើយដែរគឺនៅរង់ចាំលទ្ធផល និងតាមដានសុខភាពបន្ត៕
ដោយ ៖ វឌ្ឍនា