គណៈប្រតិភូរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសម៉ាលីបានអំពាវនាវដល់យោធាឱ្យដោះលែងជាបន្ទាន់ដល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រទេសនេះ។ ប្រមុខដឹកនាំទាំងពីររូបត្រូវបានយោធាចាប់ខ្លួនក្រោយការកែទម្រង់គណៈរដ្ឋមន្ត្រី។
ប្រធានាធិបតី Bah Ndaw និងនាយករដ្ឋមន្ត្រី Moctar Quane រួមជាមួយរដ្ឋមន្ត្រីការពារជាតិ Souleymane Doucoure របស់ប្រទេសម៉ាលី ត្រូវបានយោធាចាប់ខ្លួន កាលពីថ្ងៃទី២៤ខែឧសភា ហើយបញ្ជូនទៅកាន់ទីតាំងយោធា នៅតំបន់ Kati ជាយក្រុង Bamako ។
តាមបណ្តាញសង្គម Twitter គណៈប្រតិភូអង្គការសហប្រជាជាតិប្រចាំនៅប្រទេសម៉ាលីបានឱ្យដឹងថា «អង្គការសហប្រជាជាតិកំពុងតែតាមដានស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ ដោយសន្យាជួយដល់ម៉ាលី ផ្លាស់ប្តូរអំណាចដោយសន្តិភាព។ យើងខ្ញុំសូមអំពាវនាវឲ្យយោធាដោះលែង ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីជាបន្ទាន់»។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ Bamako បានបញ្ជាក់ថា ខ្លួនទទួលបានព័ត៌មានស្តីពីការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសនេះ ។ ស្ថានទូតអាមេរិកបានអំពាវនាវដល់ពលរដ្ឋកាត់បន្ថយការធ្វើដំណើរក្នុងពេលនេះអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ ដោយ៖ ធីរីណា
រូបភាព៖ AP