គ្រោះថ្នាក់រថភ្លើងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល២៣ឆ្នាំកន្លងមក នៅប្រទេសម៉ាឡេស៊ី ដោយរថភ្លើងពីរគ្រឿងបានបុកគ្នា បណ្តាលឱ្យមនុស្សជាង២០០នាក់រងរបួស។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីចរាចរណ៍ម៉ាឡេស៊ី លោក Wee Ka Siong ដែលបានឱ្យដឹងថានឹងបើកការស្រាវជ្រាវករណី រថភ្លើងពីរគ្រឿងបុកគ្នា ក្នុងរដ្ឋធានីគូឡាឡំពួរនាយប់ថ្ងៃទី២៤ខែឧសភា បណ្តាលឲ្យមនុស្ស ២១៣នាក់រងរបួស។
លោក Wee បានឱ្យដឹងថា មានមនុស្ស ១៦៦នាក់រងរបួសស្រាលនិង៤៧នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ។ ដោយសារមានរបួសធ្ងន់ច្រើនអាចនឹងមានករណីស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង នៅវេលាម៉ោង៨និង៣៣នាទី ស្ថិតនៅស្ថានីយ KLCC ដោយរថភ្លើងមួយគ្រឿងមិនមានមនុស្សបុកជាមួយ រថភ្លើងដឹកអ្នកដំណើរ២៣២នាក់។ រថភ្លើងទាំងពីរគ្រឿងគឺជារបស់ក្រុមហ៊ុន LRT ។
នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Muhyiddin Yassin បានឱ្យដឹងថា បានស្នើឲ្យបើកការស្រាវជ្រាវ ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់ដែលអាចកើតឡើងនាពេលអនាគត៕
ដោយ៖ ធីរីណា(រូបភាព៖TWITTER)