ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីអំពាវនាវមួយដល់ម្ចាស់រោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជនទាំងអស់ត្រូវអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។
នេះបើយោងតាមសេចក្ដីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញដែលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅក្នុងរាជធានីភ្នំពេញ បានចំនួន ១,៦៣៣,២៦២នាក់ (សរុបទាំងពីរលើក) គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
ការចេញសេចក្ដីអំពាវនាវនេះធ្វើឡើងដើម្បីជំរុញការចាក់វ៉ាក់សាំងបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅក្នុងរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នា យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ម្ចាស់ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងក្នុងបុព្វហេតុតម្កល់នូវសុខុមាលភាពសាធារណៈជាធំ ក្នុងន័យកាត់បន្ថយឲ្យបានជាអតិបរមានូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕
ដោយ ៖ សំរិត