ព័ត៌មានទាន់ហេតុការណ៍៖

កោះតៃវ៉ាន់នឹងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនពលរដ្ឋក្នុងពេលដ៏ខ្លីខាងមុនដើម្បីគ្រប់គ្រងការឆ្លងកូវីដ-១៩

ចែករំលែក៖

កន្លងមកកោះតៃវ៉ាន់បានស្នើដល់រដ្ឋាភិបាលអាមេរិកជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ក្រោយពេលកោះនេះមានករណីឆ្លងកូវីដ-១៩ ច្រើន ។
សារព័ត៌មាន CAN បានផ្សាយថា រដ្ឋមន្រ្តីសុខាភិបាលកោះតៃវ៉ាន់ លោក ឈិន ស៉ីជុង (Chen Shih-chung) បាននិយាយនៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 «រាប់លានដូស» កំពុងត្រូវបានដឹកជញ្ជូនមកកាន់កោះតៃវ៉ាន់ហើយ ខណៈលោកបានពង្រីកការរឹតត្បិត ប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺនេះ រហូតដល់ពាក់កណ្តាលខែមិថុនា បើទោះបីជានិន្នាការនៃការឆ្លងថ្មីៗ កំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់ក៏ដោយ។
លោក Chen Shih-chung បានគូសបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន២លានដូសនឹងមកដល់កោះតៃវ៉ាន់នៅចុងខែមិថុនា និង១០លានដូសទៀតនៅចុងខែសីហា បើទោះបីជាលោកមិនបានផ្តល់ព័ត៌មានឲ្យលម្អិតជាងនេះក៏ដោយ ប៉ុន្តែលោកបានគូសបញ្ជាក់បន្ថែមថា ចំនួននេះក៏បូកបញ្ចូលទាំងវ៉ាក់សាំងដែលអភិវឌ្ឍក្នុងស្រុកផងដែរ។
កោះតៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 ច្រើនជាង ២០លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Moderna ហើយក៏កំពុងអភិវឌ្ឍវ៉ាក់សាំងផ្ទាល់ខ្លួនផងដែរ។ គិតត្រឹមថ្ងៃអង្គារនេះ កោះតៃវ៉ាន់មានករណីឆ្លង COVID-19 សរុប ៥,៤៥៦ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយវិញ ១,១១៣នាក់៕ដោយ៖ ធីរីណា

រូបភាព៖ BBC

 


ចែករំលែក៖