ខេត្តកំពង់ចាម ៖ បច្ចុប្បន្នក្រសួងសុខាភិបាលនៅមិនទាន់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនៅឡេីយទេ តែបានត្រឹមបន្ថយការឆ្លងពីច្រេីនមកតិច ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងការណែនាំក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន និងតាមដានសុខភាពឱ្យបានដិតដល់ ហើយប្រសិនណាសង្កេតឃើញមានរោគសញ្ញាដែលសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគឱ្យទាន់ពេលវេលា ចៀសវាងការឆ្លងចែកចាយបន្ត ។
នេះជាប្រសាសន៍លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានផ្តាំផ្ញេីសារនេះទៅកាន់ពលរដ្ឋរស់នៅក្នុងមូលដ្ឋាននៃខេត្តកំពង់ចាម ក្នុងអំឡុងពេលលោកអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលធ្វេីឡេីងនៅអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ។
អង្គប្រជុំមានការចូលរួមពីលោកស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ លោកស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល លោកនាយ-នាយរងការិយល័យពាក់ព័ន្ធ និងលោក-លោកស្រីអធិការ-អធិការរង នគរបាលស្រុកជេីងព្រៃ ។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានលេីកឡេីងថា បន្ទាប់ពីមានការផ្ទុះនូវជំងឺកូវីដ-១៩ នៅតាមបណ្ដារោងចក្រ សហគ្រាស ទេីបថ្នាក់ដឹកនាំខេត្តបេីកការប្រជុំដេីម្បីពង្រឹងលេីផែនការការពារ សន្តិសុខ ថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ នៅជុំវិញបរិវេណមណ្ឌលចត្តាឡីស័ក និងភូមិសាស្រ្តដែលត្រូវបិទខ្ទប់ក្នុងស្រុកជេីងព្រៃ ព្រមទាំងពង្រឹងលេីកិច្ចជំនាញ និងពង្រឹងលេីវិធានការសុខាភិបាល ពិសេសរិះរកវិធានការថ្មីៗបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។
លោក ឯម កុសល បានបញ្ជាក់ណែនាំបន្ថែមថា ផ្អែកតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អ្នកឆ្លងកូវីដក្នុងរយ:ពេល៩ថ្ងៃដំបូងនឹងបង្ហាញរោគសញ្ញាដូចខាងក្រោម ៖
ថ្ងៃទី១-៣៖ ឈឺ.កតិចតួចស្រដៀងនឹងផ្តាសាយដែរ។
ថ្ងៃទី៤៖ រាកតិចៗ និងឈឺក្បាលតិចតួច។
ថ្ងៃទី៥៖ ឈឺសន្លាក់ រីឯរាងកាយចុះខ្សោយ ព្រមទាំងអស់កម្លាំង។
ថ្ងៃទី៦៖ ឡើងកម្ដៅ៣៧អង្សា រួមមានក្អក និងចង់ក្អួត។
ថ្ងៃទី៧៖ ពិបាកដកដង្ហើម ឬដកដង្ហើមថប់ៗ តឹងណែនទ្រូង។
ថ្ងៃទី៨៖ ក្អកជាប់ មានស្លេស្ម បូករួមទាំងឈឺក្បាល ឈឺខ្លួន និងក្អួតចង្អោរ។
ថ្ងៃទី៩៖ អាការពិបាកខ្លាំង ចាំបាច់ត្រូវពិនិត្យឈាម និងថតសួត ។
លោកបន្ថែមថា ដេីម្បីបញ្ចប់ស្ថានភាពចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ២០កុម្ភៈ សូមអនុវត្តតាមវិធានការ ៣កុំ ៣ការពារឱ្យបានគ្រប់ៗគ្នា គឺចាប់ផ្តើមពីអ្នក ព្រោះគ្រូពេទ្យមិនមែនទេវតាទេ ឯអាជ្ញាធរមូលដ្ឋានក៏មិនមែនមនុស្សយន្តដែរ ។ សរុបមក គ្រូពេទ្យ និងអាជ្ញាធរក៏មានក្រុមគ្រួសារដែលត្រូវមេីលថែ និងយកចិត្តទុកដាក់ដែរ ៕
ដោយ ៖ វណ្ណៈ