ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានកោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ដែលខិតខំពង្រឹងការងារជំនាញ ការពារ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅមូលដ្ឋានបានល្អប្រសើរ ទោះបីមានការយាយីពីជំងឺកូវីដ-១៩ ដែលបាននិងកំពុងវាយលុកក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងខេត្តត្បូងឃ្មុំក៏ដោយ។
លោកស្នងការបានលេីកឡេីងយ៉ាង ដូច្នេះនាព្រឹកថ្ងៃអង្គារ ២៥ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែឧសភា និងប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ តាមប្រព័ន្ធវីដេអូពីចម្ងាយ Zoom Meeting ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការវរទាំង២ លោកអធិការ ក្រុង-ស្រុកទាំង៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦៤ប៉ុស្តិ៍ ។
សមាជិក សមាជិកា ក្នុងអង្គប្រជុំបាន លើកឡើងអំពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមដើម្បីរួមគ្នាគិត រួមគ្នាអនុវត្ត រួមគ្នាទទួលខុសត្រូវ និងរួមគ្នាដោះស្រាយ។ ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការបានដាក់ចេញនូវទិសដៅត្រូវអនុវត្តបន្តដូចខាងក្រោម ៖
– អធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៧ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៤ ត្រូវបន្តពង្រឹងបន្ថែមក្នុងការចុះល្បាតត្រួតពិនិត្យនៅតាមបណ្ដាភូមិសាស្ត្រងាយរងគ្រោះរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់ បទល្មើសផ្សេងៗ។
– កម្លាំងនគរបាលព្រំដែន និងនគរបាលអន្តោប្រវេសន៍ ត្រូវបន្តពង្រឹងការល្បាត ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់ បទល្មើសឆ្លងដែន និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសជិតខាង។
– កម្លាំងទាំងអស់ត្រូវបន្តយកចិត្តទុកដាក់គោរពអនុវត្តគោលការណ៍ បទបញ្ជា របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ហើយនគរបាល និងគ្រួសារ ត្រូវធ្វើជាគំរូជូនប្រជាពលរដ្ឋ។
– បន្តពង្រឹងសាមគ្គីផ្ទៃក្នុងអង្គភាព យកចិត្តទុកដាក់សុខភាព ជីវភាព របស់មន្ត្រីនគរបាល និងគ្រួសារ ៕
ដោយ ៖ វណ្ណៈ