ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដេញចាប់ជនសង្ស័យចំនួន២នាក់ បន្ទាប់ពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ជាក់ស្ដែង តែមិនបានសម្រេច ពីជនបរទេសកំពុងដើរតាមដងផ្លូវ។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤ និង៣០ នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ មូលដា្ឋនសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យទាំងនាក់ ទី១ ឈ្មោះ​ សោម​ ចាន់​ អាយុ​២០​ឆ្នាំ​  មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​ សង្កាត់​ គីឡូលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ជាអ្នកបេីកម៉ូតូ។ ទី២ឈ្មោះ សុខ​ សុភ័ក្រ្ត​ អាយុ​ ១៦​ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​ សង្កាត់​ គីឡូ​ម៉ែតលេខ៦​ ខណ្ឌឫស្សីកែវ​ អ្នកធ្វើសកម្មភាពឆក់។

តាមមន្រ្តីជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ពេលកម្លាំងជំនាញកំពុងល្បាតក្នុងមូលដ្ឋាន និងភូមិសាស្ត្រ ងាយរងគ្រោះ ស្រាប់តែប្រទះឃើញ ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក អាសង់ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BT- 5712 ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃជាក់ស្ដែង ពីជនបរទេស កំពុងតែដើរហាត់ប្រាណនៅតាមបណ្ដោយផ្លូវលេខ២៨៨ កែងផ្លូវលេខ៦៣ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង តែមិនបានសម្រេច ភ្លាមៗនោះ កម្លាំងជំនាញ បានដេញប្រផាប់ប្រភីង រហូតដល់ចំណុច នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ មូលដា្ឋនសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទើបចាប់ឃាត់ជនសង្ស័យបាន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងម៉ូតូធ្វើសកម្មភាពត្រូវបាននគរបាលឃាត់យកទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖