ព័ត៌មានទាន់ហេតុការណ៍៖

១ករណីទៀតហេីយ!! ប្រពន្ធដើមតាមទាន់ប្ដីលួចមានប្រពន្ធចុង​ និងកំពុងផឹកស៊ីនៅក្នុងផ្ទះក៏ផ្ទុះហិង្សាវាយតប់គ្នាមួយប្រាវផ្អើលដល់សមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖​ ស្ត្រីម្នាក់ជាប្រពន្ធដើមបានតាមទាន់ប្ដីលួចមានប្រពន្ធចុង​ និងកំពុងអង្គុយផឹកសុីជុំគ្នាក្នុងផ្ទះ​ល្វែង​នៅបុរីពិភពថ្មី​ ផ្លូវលេខ១៩​ ផ្ទះលេខ៧៧ សង្កាត់ព្រៃស ខណ្ឌដង្កោ​ ក៏ផ្ទុះហិង្សាវាយគ្នាមួយប្រាវ​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចកាលពីវេលាម៉ោង១០​ និង១០នាទីយប់ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១​ ។

យោងតាមសម្ដីស្ត្រីជាប្រពន្ធដើមបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ប្ដីរបស់គាត់បានលួចទាក់ទងស្រីជាប្រពន្ធចុង​ អស់រយៈពេលជាងមួយឆ្នាំមកហើយ​ ហើយមានថ្ងៃមួយគាត់បានតាមទាន់ឃើញប្តីកំពុងផឹកស៊ីជាមួយគ្នា ហើយស្រីជាប្រពន្ធចុងនោះបាននិយាយឌឺដងដាក់គាត់ថែមទៀត​ផង ព្រមទាំងគប់គាត់មួយកែវត្រូវចំចិញ្ចើមខាងស្ដាំបណ្ដាលឲ្យរងរបួសដេរដល់ទៅដប់ថ្នេរ​ ។ ប៉ុន្តែដោយសារតែមានការលួងលោមពីប្ដីរបស់គាត់កុំឲ្យមានការប្ដឹងផ្ដល់គ្នា​ ហេីយប្ដីរបស់គាត់សន្យាថានឹងឈប់ទាក់ទងគ្នាជាមួយស្រីនោះទៀត​ទេីបគាត់សុខចិត្តតាមលោកប្ដីកំហូចមិនប្ដឹងវិញ​ ។

ប្រភពដដែលបានបន្តទៀតថា​ នៅយប់កើតហេតុគាត់បានបើករថយន្តព្រូសមួយគ្រឿងចូលក្នុងបុរីពិភពថ្មី​ ត្រង់ចំណុចកេីតហេតុក៏បានក្រឡេកឃើញរថយន្តព្រូស​ ពណ៌ផ្ទៃមេឃ​ ពាក់ស្លាកលេខភ្នំពេញ2AZ -1072 ដែលជារថយន្តរបស់គាត់​ ទេីបគាត់គិតថាប្ដីគាត់ពិតជានៅក្នុងផ្ទះនេះជាមួយស្រីជាប្រពន្ធចុងហើយ​ រំពេចនោះគាត់ក៏បានឈប់រថយន្តរួចហើយដើរចូលទៅមើលស្រាប់តែឃើញប្ដីរបស់គាត់កំពុងជួបជុំគ្នាផឹកសុី​ ពេលនោះគាត់ក៏បានហៅប្ដីមកដោះស្រាយគ្នា​ ស្រាប់តែស្រីជាប្រពន្ធចុងចេញមកជេរគាត់រួចចូលទៅខាងក្រោយផ្ទះយកទឹកក្ដៅឧណ្ហៗមួយកាធុនមកជះលើមុខគាត់​ រួចធ្វើសកម្មភាពវាយក្បាលគាត់កើតរឿងប្រតាយប្រតប់គ្នាតែម្ដង​។ ឃេីញដូច្នេះប្ដីរបស់គាត់ក៏ចេញពីក្នុងផ្ទះមកចាប់រូបគាត់ជាប្រពន្ធដើមទៅម្ខាង​ រួចចាប់ប្រពន្ធចុងចូលក្នុងផ្ទះដាក់គន្លឹះទ្វារជាប់ ទេីបមួយសន្ទុះក្រោយមកប្ដីគាត់ចេញមកខាងក្រៅវិញបម្រុងយករថយន្តបើកចេញតែត្រូវគាត់ជាប្រពន្ធដេីមឃាត់មិនឱ្យទៅ​ ដេីម្បីរង់ចាំសមត្ថកិច្ចមកដោះស្រាយគ្នាសិន​ តែប្ដីគាត់មិនស្ដាប់ណាមួយខ្មាសគេផងក៏សុខចិត្តដើរចេញបាត់ទៅ។

​ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ផ្ទះកើតហេតុខាងលើ​ ហេីយបានឲ្យស្ត្រីរងគ្រោះជាប្រពន្ធដេីមទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ័រដ្ឋបាលព្រៃសដេីម្បីដោះស្រាយគ្នាតាមច្បាប់​ ។

ចំពោះករណីខាងលេីនេះដែរ​ ក្រុមអ្នកសារព័ត៌មានជាច្រេីនអង្គភាពមិនអាចសុំការបំភ្លឺពីភាគីខាងប្ដី​ ឬស្ត្រីជាប្រពន្ធចុងបាននោះទេ​ ព្រោះសួរមិនឆ្លេីយ​ និងគេចវេះមិនចង់ជួប​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖