ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកណ្តាល បន្តផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត

ចែករំលែក៖

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល ចេញសេចក្ដីសម្រេច ស្ដីពីការបន្តផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ដើម្បីធានាបានប្រក្រតីភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានទៅស្ដារសេដ្ឋកិច្ច-សង្គម នៅតាមមូលដ្ឋាន រដ្ឋបាលខេត្តកណ្តាល បានដាក់ចេញសេចក្តីសម្រេចស្តីពីការអនុញ្ញាតបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងក្រុងតាខ្មៅ និងផ្សារមួយចំនួនទៀត ដែលបានបិទដំណើរការជាបណ្ដោះអាសន្ន នាពេលកន្លងមក។ ជាមួយគ្នានេះ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍ ២០ កុម្ភៈ” នៅក្នុង ភូមិសាស្ត្រខេត្តកណ្តាល រដ្ឋបាលខេត្តបានដាក់ចេញវិធានការរដ្ឋបាល និងសេចក្តីណែនាំ ជាបន្តបន្ទាប់ ដូចជា សេចក្តីណែនាំ ស្តីពីការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ហេតុនេះ រដ្ឋបាលខេត្ត សម្រេចដាក់ចេញគោលការណ៍ណែនាំបន្តទៀត ដើម្បីឈានទៅដល់ការកាត់ ផ្តាច់ខ្សែចម្លង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដូចខាងក្រោម៖

១- គ្រប់ទីផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារដ្ឋាន តូបអាហារ ហាងកាហ្វ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវការលក់ គ្រឿងស្រវឹងគ្រប់ប្រភេទ ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស់ និងការ រក្សាគម្លាតសុវត្ថិភាព ព្រមទាំង ប្រកាន់ខ្ជាប់ នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និង ការវាស់កម្ដៅ ជាពិសេស អនុវត្តតាមវិធានការ “៣ ការពារ ៣ កុំ” របស់រាជរដ្ឋាភិបាលជាចាំបាច់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩។

២- រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។
៣- បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេល ការហាមនេះ នឹងត្រូវបានអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន។
ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលាខេត្តកណ្តាល ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរ -អង្គភាពពាក់ព័ន្ធនានា អាជីវករ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖