ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ផ្ទះ ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ាណែត បានចាប់ផ្តើមដំណើរការសាងសង់ហើយដោយប្រើប្រាស់កម្លាំងវិស្វ័កម្មអង្គភាពជាអ្នកសាងសង់ផ្ទាល់ ដើម្បីចែកជូនគ្រួសារយោធិនជួបការលំបាករស់នៅក្នុងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានឲ្យដឹងថា ផ្ទះអំណោយដ៏ថ្លៃថ្លានេះមានទំហំ៤ម៉ែត្រx១០ម៉ែត្រ ដែលលោកមេបញ្ជាការកងទ័ពជើងគោក បានយកចិត្តទុកដាក់ផ្តល់ជូន យោធិនដែលជួបការលំបាករស់នៅក្នុងអង្គភាព វរសេនាតូចថ្មើរជើងលេខ ៥១៣ កងពលតូចថ្មើរជើងលេខ៥១។
សូមជម្រាបជូនថា ក្រោមការគិតគូរពីសុខទុក្ខ ជីវភាព និងការរស់នៅរបស់យោធិនក្នុងអង្គភាព ពីសំណាក់ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ព្រមទាំងមានការចូលរួមពីសំណាក់សប្បុរសជននានា ទើបអង្គភាពវរសេនាតូចថ្មើរជើង៥១៣ មានលទ្ធភាពសាងសង់ផ្ទះជូនគ្រួសារកងទ័ពជាបន្តបន្ទាប់ ដែលគិតមកដល់ពេលនេះសរុបចំនួន៥៣ ខ្នងផ្ទះ និងបានធ្វើការចែកជូនយោធិនជួបការលំបាកជាក់ស្តែង។
ក្នុងនាមមេបញ្ជាការ វរសេនាតូចថ្មើរជើង៥១៣ ជំនួសមុខជូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភនូវអំណោយដ៏ថ្លៃថ្លានេះ និងសូមប្តេជ្ញា អនុវត្តបទបញ្ជាដែលថ្នាក់លើបានដាក់ចុះ ក្នុងការអនុវត្តតួនាទីភារកិច្ច កងយោធពលខេមរភូមិន្ទ ដើម្បីជាតិ និងប្រជាជន៕
ដោយ៖ សូរិយា