ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក ford យ៉ាងលឿនដល់ផ្លូវបំបែកជាបួន បានជ្រុលចង្កូតទៅបុករថយន្តហាយឡេនឌ័របើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តហាយឡេនឌ័រប៉ើងឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងរងរបួសស្ត្រីម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅម៉ោង ៤និង១៥នាទី ទៀបភ្លឺ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ២១៧ ចំណុចជិតនឹងផ្សារថ្នល់បត់ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតូយ៉ូតា ហាយឡេនឌ័រពណ៌ស្ករ ពាក់ស្លាកលេខកំពង់ចាម 2A-4374 បើកបរដោយបុរសម្នាក់ និងមានអ្នករួមធ្វើដំណើរជាមួយ បើកតាមបណ្តោយផ្លូវ លេខ២១៧ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ford ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BI-5452 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីបណ្តោយផ្លូវព្រៃសទិសដៅពីលិចមកកើតក្នុងល្បឿនលឿនទៅបុករថយន្តហាយឡេនឌ័រចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យស្ត្រីនៅក្នុងរថយន្តហាយឡេនឌ័ររងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ