ភ្នំពេញ៖ នៅព្រឹកនេះគេទទួលបានដំណឹងដ៏ក្រៀមក្រំថា តារាសម្តែង និងចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពហើយនៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ។ នេះបើយោងតាមការបញ្ជាក់របស់តារាសម្តែង លោក សាវិន ហ្វីលីព។
មរណភាពរបស់សិល្បការិនីរូបនេះគឺក្រោយពីនាងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលសម្រាប់មហាជនកាលពីចុងខែមេសាកន្លងទៅ គ្រាដែលអ្នកសិល្បៈបានទម្លាយថានាងធ្លាក់ខ្លួនឈឺជាមួយនឹងជំងឺមហារីកដំណាក់កាលចុងក្រោយ ស្របពេលដែលសាមីខ្លួនក៏ទទួលស្គាល់ផងដែរ។
កន្លងទៅអ្នកនាងផល្លាបញ្ជាក់ដោយសំឡេងខ្សាវៗស្ទើរមិនចង់ឮថា “ដឹងយ៉ាងម៉េចទេ ខ្ញុំមិនដឹងរស់បានប៉ុន្មានថ្ងៃទៀតទេ…!” ។ ពាក្យនេះបានធ្វើឲ្យអ្នកសិល្បៈ និងអ្នកដែលធ្លាប់បានស្គាល់នាងខ្លោចចិត្តអាណិតតារាចម្រៀងរូបនេះជាពន់ពេក។ ការទម្លាយនេះទើបនឹងត្រូវបានធ្វើឡើងក្រោយពីគេខកខានឃើញវត្តមាននាងជាច្រើនខែកន្លងមក ហើយបែរជាលេចចេញរូបថតគេងនៅលើគ្រែពេទ្យ ពិសេសរូបរាងរបស់នាងចុះខ្សោយ សក់ត្រូវជ្រុះអស់ពីក្បាលនោះ។ ស៊ិន ឧត្តមផល្លា ទើបនឹងបើកទម្លាយពីស្ថានភាពសុខភាពរបស់នាងមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ក្រោយពីនាងបានព្យាយាមលាក់បាំងអស់រយៈពេលយ៉ាងយូរមក។ ដើមឡើយ តារាចម្រៀងរូបនេះបានបាត់មុខពីសិល្បៈចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២០ ដោយមិនមានមូលហេតុច្បាស់លាស់ ប៉ុន្តែក្រោយមកនាងបានចេញមុខម្ដងតាមរយៈរូបភាពសន្លឹកដែលបង្ហាញថា នាងកោរសក់បួសសងគុណម្ដាយ ដែលតាមការណ៍ពិតនាងត្រូវបានគេទម្លាយថាមានជំងឺប្រចាំកាយធ្ងន់ធ្ងរមុខមាត់របស់ផល្លា មានសភាពខ្មៅខុសពីធម្មតា ដែលនៅពីក្រោយការចុះថមថយរូបសម្រស់យ៉ាងលឿនមិនគួរឲ្យជឿនេះគឺនាងមានជំងឺមហារីកដំណាក់កាលចុងក្រោយទៅហើយ។ អ្នកនាង ផល្លា ធ្លាប់បានប្រាប់ថា ដើមឡើយនាងមានជំងឺមហារីកកូនកណ្ដុរនៅម្ដុំគល់ក ហើយនាងបានស្វែងរកការព្យាបាលទៅតាមការណែនាំរបស់ក្រុមវេជ្ជបណ្ឌិត និងបានធូរស្រាលមួយរយៈ និងសង្ឃឹមថានឹងអាចធូរស្បើយវិញបានដូចដើម ប៉ុន្តែពិតជាមិននឹកស្មានដល់ ព្រោះមេរោគដ៏សាហាវនេះ បានរត់ទៅកន្លែងផ្សេងទៀតនៃរាងកាយទៅវិញ ហើយវាបានធ្វើឲ្យនាងឈឺចាប់ពើតក្បាលកាន់តែខ្លាំងឡើង ។ នាងនិយាយយ៉ាងកម្សត់ថាមិនដឹងជានៅរស់បានប៉ុន្មានថ្ងៃទៀតទេ ហើយក្តីបំណងធំរបស់នាងគឺចង់ឃើញកូនៗទាំង៣របស់នាងក្នុងបន្ទុកមានប្ដីមានប្រពន្ធទើបនាងបិទភ្នែកជិត។កន្លងមកអ្នកនាងស៊ិន ឧត្តមផល្លាធ្លាប់បើកដំណើរការហាងលក់គ្រឿងចីពរ និងឧបករណ៍ក្នុងពិធីបុណ្យនានានៅតំបន់វត្តព្រះពុទ្ធ ហើយនាងក៏ឆ្លៀតពេលច្រៀងក្នុងក្រុមលោកយ៉ែម សំអូនផងដែរ រួមទាំងការជួយជ្រោមជ្រែងគាស់កកាយសិល្បករជើងចាស់មួយចំនួនដើម្បីទទួលបានអំណោយពីសប្បុរសជនផងដែរ ។ គេនៅមិនទាន់ទទួលបានដំណឹងនៅឡើយទេថា តើបុណ្យសពរបស់នាងនឹងត្រូវធ្វើនៅទីណា គឺត្រូវរង់ចាំដំណឹងបញ្ជាក់ពីក្រុមគ្រួសារនាងសិន។ យើងសូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ សមាជិគគ្រួសារជាទីស្រលាញ់ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកនាងសុិន ឧត្តមផល្លាអញ្ជើញទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ វឌ្ឍនា