ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជធានី-ខេត្ត។ នាឱកាសនោះដែរ មានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ដែលត្រូវបានរាជរដ្ឋាភិបាលចាត់តាំងចុះជួយតាមរាជធានី-ខេត្ត បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ និងបានជម្រាបជូនដល់ប្រជាពលរដ្ឋវិញ ឲ្យបានយល់ជ្រួតជ្រាបអំពីដំណោះស្រាយ និងវិធានការណ៍នានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ននេះកំពុងតែយីយាដល់ដំណើរនៃការអភិវឌ្ឍសេដកិច្ចជាតិរបស់កម្ពុជា។
ពាក់ព័ន្ធជាមួយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍នេះដែរ លោកបណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍លើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដែលបង្កឲ្យរាំងស្ទះដល់ការអភិវឌ្ឍស្ទើរតែគ្រប់វិស័យដល់សេដ្ឋកិច្ចជាតិ មិនតែប៉ុណ្ណោះក៏បានជះឥទ្ធិពលជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់បងប្អូនរួមជាតិយើង ដែលជាក្តីកខ្វល់រួមនៃយើងទាំងអស់គ្នា ដែលទាមទារឲ្យរាជរដ្ឋាភិបាលប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ឈានទៅដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះមុខនេះ ឲ្យវិលមិនរកភាពប្រក្រតីវិញ។
យ៉ាងណានោះ បើចង់ឲ្យសហគមន៍យើងអាចវិលមករកភាពជាប្រសើរវិញបាន ទាល់តែមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានផុសផុល ដោយសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងចំពោះជំងឺមួយនេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើង ពីការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព ក៏ដូចជាការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩នេះ ដោយសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ទាំងមធ្យោបាយការទូតផង និងប្រើប្រាស់ថវិកាដើម្បីបញ្ជាទិញវ៉ាក់សាំងយកមកចាក់ជូនពលរដ្ឋយើងឲ្យបានគ្រប់ៗគ្នា។
ចំពោះប្រជាពលរដ្ឋដែលទទួលរងនៃផលប៉ះពាល់នៅក្នុងជីវភាពដោយសារតែជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏បានជួយឧបត្ថម្ភជាថវិការ ក៏ដូចជាគ្រឿងឧបភោគ បរិភោគ ជាហូរហែរបន្ថែមទៀត ដើម្បីជាការសម្រួលនូវភាពលំបាកក្នុងជីវភាពរបស់បងប្អូនបានមានកម្រិតដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់លោក លោកស្រី ដែលបានចុះជួយតាមរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់សហការបន្ថែមទៀតជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជួយផ្សព្វផ្សាយដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សូមអញ្ជើញទៅទទួលវ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ និងមួយវិញទៀត ត្រូវផ្សព្វផ្សាយដល់ពលរដ្ឋបន្តយកចិត្តទុកដាក់អនុវត្តតាមវិធានការណ៍”៣កុំ ៣ការពារ” ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕ដោយ៖សហការី
រូបភាព៖ប្រភពហ្វេសប៊ុករបស់លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ