ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនស៊ីជ្រុលទៅបុករថយន្តពីរគ្រឿងនិងម៉ូតូឃ្លុបដឹកអីវ៉ាន់ពីរគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកស៊ីម៉ងត៍ក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនស៊ី ជ្រុលទៅបុករះរថយន្តពីរគ្រឿងនិងម៉ូតូឃ្លុបដឹកអីវ៉ាន់ពីរគ្រឿងទៀតដែលកំពុង ឈប់ចាំភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្លើលកាលពីវេលាម៉ោង១១នឹង៤០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-0417 រថយន្តម៉ាកKIA mornig ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK -3109 និងម៉ូតូឃ្លុបដឹកអីវ៉ាន់ពីរគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ហើយកំពុងតែឈប់រង់ចាំភ្លើងស្តុបនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកស៊ីម៉ងត៍ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3D -0493 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនធ្វើដំណើរស្របទិសគ្នាមកពីក្រោយចាប់ហ្វ្រ័ងមិនស៊ីក៏ជ្រុលទៅបុកម៉ូតូឃ្កុបដឹកអីវ៉ាន់ពីរគ្រឿងរុញបន្តទៅបុករថយន្តម៉ាកKAI morning មួយគ្រឿង រួចបន្តទៅបុករថយន្តម៉ាក Ford Ranger មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតរថយន្តនិងម៉ូតូឃ្លុបដឹកអីវ៉ាន់យ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កយល់ព្រមសងសំណងថ្លៃការខូចខាតទៅលើភាគីរថយន្តរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ ៖ និន សុភ័ស្ត

 


ចែករំលែក៖