ខេត្តត្បូងឃ្មុំ៖ ពិតជាកម្មពៀរទាន់ហន់មែន! បុរសញៀនថ្នាំម្នាក់ជាអ្នកជំងឺកូវីដ-១៩ ដែលបានវាយសម្លាប់យោធាជាអ្នកយាមដើម្បីចង់រត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកកាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ នោះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានគាំងបេះដូងស្លាប់ហើយ ដែលបណ្តាលមកពីផលវិបាកនៃការប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។
នេះបើតាមការឲ្យដឹងពីមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកពញាក្រែក ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា យោធាម្នាក់បានពលីជីវិតក្នុងតួនាទីភារកិច្ចគួរអោយអាសូរ ដោយសារតែអ្នកញៀនថ្នាំកើតជំងឺកូវីដ-១៩ម្នាក់ វាយសម្លាប់ពេលកំពុងយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។
ក្រោយកើតហេតុជនបង្កត្រូវបានកម្លាំងនគរបាលស្រុកពញាក្រែកសហការជាមួយមន្រ្តីយោធាដែលយាមនៅកន្លែងកើតហេតុចាប់បានភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពពីមន្រ្តីមានសមត្ថកិច្ចបានឱ្យដឹងថា បុរសជាយោធានិងជាជនរងគ្រោះឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនឱ្យទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ចំណែកជនសង្ស័យដែលញៀនថ្នាំនោះឈ្មោះ មឿន ម៉ឺន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួច។
ប្រភពពីមន្រ្តីមានសមត្ថកិច្ចបានបន្តថា មុនកើតហេតុជនដៃដល់បានស្រែកឡូឡានិងរត់ឆ្លេឆ្លាមានបំណងចង់រត់ចេញបែបមនុស្សបែកថ្នាំនិយាយមិនស្តាប់ ហើយត្រូវបានមន្ត្រីយោធាដែលយាមនៅទីនោះពីរទៅបីនាក់ដេញឱ្យចូលទៅក្នុងវិញ ប៉ុន្តែក្រោយមកក្នុងខណៈមេឃកំពុងភ្លៀង ជនដៃដល់បានមកវាយមន្រ្តីយោធានិឹងដំបង ហើយនិងចបកាប់ចំសៀតផ្ការបស់ជនរងគ្រោះរហូតដល់ស្លាប់ ដោយសារតែអំណាចនៃថ្នាំញៀន ខណៈអ្នកយាមដទៃទៀតបានស្លន់ស្លោរត់ឆ្លេឆ្លា ហើយភ្លាមៗនោះមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកពញាក្រែកចំនួន ១០ រូបទើបចូលចាប់ជនជាឃាតកបាន ខណៈបច្ចុប្បន្នកម្លាំងនគរបាលទាំង១០រូប ក៏ត្រូវជាប់ធ្វើចត្តាឡីស័កផងដែរ ។
ប្រភពពីមន្រ្តីមានសមត្ថកិច្ចម្នាក់បានបញ្ជាក់ឱ្យដឹងថា ក្រោយកើតហេតុ ឃាតកត្រូវបានចាប់វ៉ៃខ្នោះបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យដោយមានសមត្ថកិច្ចជំនាញយាមកាមយ៉ាងតឹងរុឹងរង់ចាំបន្តនីតិវិធីតាមផ្លូវច្បាប់ ប៉ុន្តែពេលនេះគេបានស្លាប់ហើយដោយសារតែជំងឺគាំងបេះដូង។ រសាកសពឃាតកត្រូវបានយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក ៕
ដោយ ៖ វណ្ណៈ